រដ្ឋមន្រ្តីការបរទេសកម្ពុជាចង់ឱ្យអាស៊ានរក្សាមជ្ឈភាពដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូក្រៅតំបន់

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ ដោយក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រឹង ក្នុងការកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងអាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្ដោតលើទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP)”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

កិច្ចប្រជុំនេះបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ដែលរួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគាំទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

ក្នុងសេចក្ដីប្រកាសដដែល ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ាន នៅក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានាក្នុងភូមិសាស្រ្តនយោបាយ ព្រមទាំងត្រូវផ្ដោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាប័ន្ន។

បន្ថែមពីនេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាប័ន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅតំបន់នានា។ លោក ប្រាក់ សុខុនថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗដូចជា៖ តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។

ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីការបរទេសអាស៊ានរំពឹងទុកនូវការចុះហត្ថលេខារបស់ប្រទេសអារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្ដីពិមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC )នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រឹងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃសន្ធិសញ្ញានេះនៅខែកញ្ញា ឆ្នាំ២០២៣   ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចផ្ដល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្រ្វិកខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds