ចាប់បញ្ចូនខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់៣នាក់ទៅតុលាការ

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ សុខ នីស្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យ ៣រូប ដែលកំពុងគំរាមកំហែងជនរងគ្រោះនៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ និងបាននាំមកនាយកដ្ឋានដើម្បីសាកសួរបន្ត។

បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣ បានសារភាពថាខ្លួនបានបម្រើការជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងក៏ជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ និងជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋាន ក៏រកឃើញផងដែរថា ក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំអនុញ្ញាតច្បាប់ពីធានាគារជាតិកម្ពុជាឡើយ។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទាំង៣ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោងនិងបក្សពួកបន្តទៀត។

យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ សេចក្តីប្រកាសរួមក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលាសូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធ និងសកម្មភាពផ្ដល់ឥណទានខុសច្បាប់រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទចំនួន ប្រាំខ្សែរ ៖ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds