ស្លា.ប់៦នាក់និងរងរបួសម្នាក់ក្នុងហេតុការណ៍ចាក់សម្លា.ប់ក្នុងសាលាមតេយ្យនៅប្រទេសចិន
(ចិន)៖ ប៉ូលិសមូលដ្ឋានចិន បានប្រាប់បណ្ដាញព័ត៌មាន BBC នៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ចាក់សម្លាប់ក្នុងសាលាមតេយ្យមួយកន្លែងក្នុងទីក្រុងលានជាំង (Lianjiang) ខេត្តក្វាងទុង នាភាគអាគ្នេយ៍នៃប្រទេសចិន។
បើតាមអ្នកនាំពាក្យទីក្រុងរបស់រដ្ឋាភិបាលចិន ក្នុងចំណោមអ្នកស្លាប់ទាំង ៦ នាក់ មានម្នាក់ជាគ្រូបង្រៀន ២ នាក់ជាអាណាព្យាបាលសិស្ស និង ៣ នាក់ជាសិស្ស។
ការវាយប្រហារនេះបានកើតឡើងនៅម៉ោង ៧:៤០ នាទីព្រឹកថ្ងៃចន្ទ ហើយក្រោយមក ប៉ូលិសបានឃាត់ និងឃុំខ្លួន ជនសង្ស័យជាបុរសវ័យ ២៥ ឆ្នាំម្នាក់។ ខណៈចេតនាពិតប្រាកដរបស់ជនដៃដល់ និងព័ត៌មានលម្អិតមិនទាន់បានលាតត្រដាងនោះទេ ហើយការស៊ើបអង្កេតក៏កំពុងបន្តធ្វើផងដែរ ដោយប៉ូលិសបានហៅការវាយប្រហារនេះថាធ្វើឡើងដោយចេតនា។
គួរគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សាកម្រកើតមានណាស់នៅចិន ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានជួបប្រទះនឹងការវាយប្រហារដោយប្រើកាំបិតជាច្រើនករណី រួមទាំងនៅសាលារៀនផងដែរ។
កាលពីខែសីហាឆ្នាំមុន ខ្មាន់កាំបិតបានចូលទៅវាយប្រហារក្នុងសាលាមត្តេយ្យមួយក្នុងខេត្ត Jiangxi ដោយបានសម្លាប់មនុស្ស ៣ នាក់ និងរបួស ៦ នាក់ផ្សេងទៀត។ ក្នុងខែមេសា ឆ្នាំ ២០២១ កុមារ ២ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀត បានរងរបួស ក្នុងអំឡុងព្រឹត្តិការណ៍ចាក់សម្លាប់ដ៏ធំនៅទីក្រុង Beiliu ក្នុងតំបន់ស្វយ័ត Guangxi Zhuang។
ហេតុការណ៍វាយប្រហារដោយកាំបិតក្នុងសាលាមតេយ្យ ក៏កើតឡើងនៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន កាលពីខែតុលា ឆ្នាំ ២០១៨ ផងដែរ ដោយធ្វើឱ្យសិស្សតូចៗ១៤នាក់រងរបួស៕