សមត្ថកិច្ចកំពុងស៊ើបអង្កេតករណីឆែកឃើញគ្រឿងញៀន១០៣គីឡូក្នុងរថយន្តពីឡាវ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានឱ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតរកជនល្មើសករណីឆែកឃើញគ្រឿងញៀនមេតំហ្វេតាមីន ១០៣ គីឡូក្រាម ប្រភេទមេតំហ្វេតាមីនក្នុងរថយន្តពាក់ស្លាកលេខប្រទេសឡាវ ១ គ្រឿង បន្ទាប់ពីរថយន្តនោះបានបើកបុករបាំងថ្មមុខផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី ៧ កក្កដា។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០៩កក្កដាថា ពាក់ព័ន្ធគ្រឿងញៀន ១០៣ គីឡូក្រាម ដែលរកឃើញក្នុងរថយន្តនៅក្នុងខណ្ឌសែនសុខ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនពាក់ព័ន្ធ។ ប៉ុន្តែនៅក្នុងរថយន្តដឹកគ្រឿងញៀននោះគឺសមត្ថកិច្ចមិនរកឃើញជនល្មើសឡើយ។
លោកថា៖ «ជនល្មើសបានរត់គេចខ្លួនហើយមកដល់ថ្ងៃនេះ [៩មិថុនា] សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀតហើយ»។
លោកឱ្យដឹងថា ចំពោះគ្រឿងញៀនដែលរកឃើញនៅក្នុងរថយន្តនោះបានដឹកចេញពីប្រទេសឡាវតែមិនទាន់ដឹងថា ក្រុមជនល្មើសលួចដឹកទៅគោលដៅណាគឺសមត្ថកិច្ចនៅមិនទាន់ដឹងទេ។ បើដឹងច្បាស់លុះត្រាណាតែចាប់បានអ្នកប្រព្រឹត្ត។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់នៅថ្ងៃទី ៩ កក្កដាដែរថា កាលពីវេលាម៉ោងជាង ១១ យប់ថ្ងៃទី ៧ កក្កដា មានរថយន្ត ១ គ្រឿងពណ៌សម៉ាក SANTAF-EA ពាក់ស្លាកលេខរបស់ប្រទេសឡាវ 3777 បានបើកបុករបាំងថ្មមុខផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ ៥៩៨ ក្នុងដែនដីខណ្ឌសែនសុខ។
ក្រោយបង្កហេតុរថយន្តនោះធ្លាក់កាងមុខហើយមិនអាចបើកទៅមុខរួច ហើយប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោកបានចុះដល់កន្លែងកើតហេតុហើយបានស្ទូចរថយន្តមករក្សាទុកក៏ឆែកឃើញគ្រឿងញៀនមេតំហ្វេតាមីនចំនួន ១០៣ គីឡូក្រាម។«អ្នកជិះរថយន្តនោះគេចខ្លួនបាត់ហើយកម្លាំងសមត្ថកិច្ចរបស់ខ្ញុំកំពុងធ្វើការតាមជំនាញដើម្បីស្វែងរកជនល្មើស»៕