សម្ដេចស ខេង ប្រកាសហាមប្រជាពលរដ្ឋកុំឱ្យយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំធានាខ្ចីប្រាក់

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសហាមឃាត់ប្រជាពលរដ្ឋកុំឱ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសក្នុងប្រតិបត្តិការកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ការប្រកាសហាមឃាត់របស់សម្ដេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ទាប់ពីរូបលោកពិនិត្យឃើញថា បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន ឬកម្ចី ជាមួយធនាគារ ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ។ ជាពិសេស សម្ដេចក្រឡាហោមសង្កេតឃើញថា ប្រជាពលរដ្ឋនិយមយកអត្តសញ្ញាណប័ណ្ណទៅដាក់ដើម្បីខ្ចីប្រាក់ពីកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា ដែលជាការអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញត្តិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្នុងសេចក្ដីណែនាំដដែល សម្ដេច ស ខេង បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ សម្ដេចគូសបញ្ជាក់ថា ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្ដល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាទាំងនោះ។

ជាវិធានការ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធឱ្យបង្កើតក្រុមការងារដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំ។ សម្ដេចថែមទាំងណែនាំឱ្យក្រុមការងារដកយកអត្តសញ្ញាណប័ណ្ណច្បាប់ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះ និងបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះជូនទៅខាងសាមីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ។  ជាមួយគ្នា សម្ដេចក៏បានណែនាំឱ្យប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតជូនប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់វិញ។

សម្ដេច ស ខេង ណែនាំដល់រដ្ឋបាលរាជធានីខេត្ត ឱ្យជូនដំណឹងទៅធនាគារជាតិនៃកម្ពុចា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬត្រូវដកហូតអាជ្ញាបណ្ណ ប្រសិនបើនៅតែមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែក ចំពោះប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ បើសិនជារកឃើញថា នៅតែបន្តយកអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋសម្រាប់ធានាលើការផ្ដល់ឥណទាននឹងប្រឈមវិធានការផ្អាកអាជីវកម្មតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds