មន្រ្តីជាន់ខ្ពស់ប្រឆាំងគ្រឿងញៀន៖កម្ពុជាបន្តរងគ្រោះដោយការផលិត ជួញដូរនិងប្រើប្រាស់គ្រឿងញៀន

លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កម្ពុជាបន្តរងគ្រោះពីការគំរាមកំហែងដែលបង្កឡើងដោយការផលិត ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ និងពិភពលោក។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៤ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូពីចម្ងាយ Via Videoconference ដែលមានប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ។

លោកអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាត់ទុកវេទិកាស្តីពី​បញ្ហា​គ្រឿងញៀន (ASOD) ជាឱកាសសំខាន់ក្នុងការជជែកពិភាក្សា ឆ្លើយតបសមស្របទៅនឹងបញ្ហាគ្រឿងញៀនដែលបាននិងកំពុងកើតមានថ្មីៗតាមបណ្តាប្រទេសនីមួយៗ និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពស្មារតីកិច្ចប្រជុំASOD លើកទី៤៣ នៅប្រទេសម៉ាឡេស៊ី។

លោក មាស វិរិទ្ធ បានបន្ថែមថា ស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងពិភពលោកដែលវិវត្តយ៉ាងលឿន និងស្មុគ្រស្មាញបានជះឥទ្ធិពលលើគ្រប់ប្រទេស ក្នុងនោះកម្ពុជាបានបន្តដោះស្រាយដោយអនុវត្តនូវវិធីសាស្រ្តទូលំទូលាយ សមាហរណកម្ម ប្រកាន់ខ្ជាប់នូវគោលការណ៍សមធម៌ មិនរើសអើង គោរពសិទ្ធិមនុស្ស ស្របតាមផែនការការងារអាស៊ាន និងផែនការសហប្រតិបត្តិការអាស៊ាន ដោយមានផ្តោតលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ។

លោកបញ្ជាក់ថា ឆ្លើយតបនឹងបញ្ហាទាំងនេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះគឺសម្រេចបានដល់៨ជំហានធំៗ។ ជាក់ស្ដែង ដើម្បីទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀនឆ្លងដែន និងសារធាតុគីមី កម្ពុជាបានដើរតួនាទីសម្របសម្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាពអនុវត្តគម្រោង និងផែនការការងារដែលមានស្រាប់ទាំងអស់ ក្រោមកិច្ចសហការជា ទ្វេភាគី ត្រីភាគី អនុតំបន់ តំបន់និងអន្តរជាតិ។ កម្ពុជាបានកសាងយន្តការអនុវត្តដូចជាផែនការភូមិសគ្មានគ្រឿងញៀននៅតាមព្រំដែន កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន ការិយាល័យទំនាក់ទំនងព្រំដែន(BLO) និងយន្តការសុវត្ថិភាពមេគង្គ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានរៀបចំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាលើកកម្ពស់ការកសាងសមត្ថភាពរបស់ភ្នាក់ងារ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ កម្ពុជាបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន៣,១៤៣ករណី រឹបអូសបានគ្រឿងញៀនប្រមាណ៨៣៨គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យសរុបចំនួន ៧,៤៨០នាក់។ ក្រុមជួញដូរគ្រឿងញៀនបានរត់ពន្ធគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ផ្លូវសមុទ្រ សេវាប្រៃសណីយ៍ និងផ្លូវអាកាស ខ្លះលួចចែកចាយក្នុងប្រទេស និងខ្លះទៀតកំណត់ទៅប្រទេសទីបី។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds