Neymarត្រូវ​អាជ្ញាធរ​ប្រេ​ស៊ី​ល​ផាកពិន័យ៣,៣​លាន​ដុល្លារ​ពីបទ​ជីក​ផ្លូវទឹក​

(ប្រេស៊ីល)៖ អាជ្ញាធរ​ប្រេ​ស៊ី​ល​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​ ​៣ ខែកក្កដា​ថា រដ្ឋអាជ្ញា​របស់​ប្រទេស​បាន​ផាក​​ពិន័យ​កីឡាករ​បាល់ទាត់​ដ៏​ល្បីឈ្មោះ លោក Neymar នូវ​ទឹក​ប្រាក់​ចំនួន ៣,៣​ លាន​ដុល្លារ ចំពោះ​ការជីក​បឹង​មួយ​នៅក្នុង​បរិវេណ​ភូមិគ្រឹះ​ដ៏​ស្ដុកស្ដម្ភ​របស់លោក​នៅ​ជាយក្រុង​រី​យ៉ូ ដឺ​ហ្សា​នេ​រ៉ូ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ផ្នែក​បរិស្ថាន​។ នេះ​បើតាម​ទី​ភ្នា​ក់​ងារ​សារព័ត៌មាន AFP​។

​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ប្រេ​ស៊ី​ល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុម​ប្រឹក្សា​ក្រុង​ Mangaratib​ នៃ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​នេ​រ៉ូ បានចេញ​ការផាកពិន័យ​ចំនួន​ ៤​ ចំពោះ «​ការ​បំពាន​បរិស្ថាន​ក្នុង​ការជីក​បឹង​សិប្បនិម្មិត​មួយ នៅឯ​ភូមិគ្រឹះ​ដ៏​ស្ដុកស្ដម្ភ​របស់​ Neymar»​។

​ការបំពាន​ទាំង​ ៤​ នោះ​ស្ថិតនៅ​ក្នុងចំណោម​ការបំពាន​រាប់​សិប ដែល​ត្រូវបាន​រកឃើញ​ដែល​រួមមាន​ការអនុវត្ត​ការងារ​ក្រោម​ការគ្រប់គ្រង​បរិស្ថាន​ដោយ​គ្មាន​ការអនុញ្ញាត ការ​ទប់ និង​ការ​បង្វែរ​ទឹកទន្លេ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ការជីក​យក​ដី​ដោយ​គ្មាន​ការអនុញ្ញាត​ជាដើម​។​

​ចំពោះ​ការចេញ​បញ្ជា​ផាក​​ពិន័យ​នេះ លោក Neymar​ មាន​រយៈពេល​ ២០​ ថ្ងៃ ដើម្បី​ប្តឹង​ជំទាស់ ខណៈ​ការពិន័យ​ដំបូង​ឡើង​កំណត់​ត្រឹម​ជិត​ ១​ លាន​ដុល្លារ​ប៉ុណ្ណោះ​។

​ការចេញ​ការពិន័យ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ប្រេ​ស៊ី​ល​រកឃើញ​ការរំលោភ​បរិស្ថាន​ជា​ច្រើន​នៅ​ទី​អចលនទ្រព្យ​ប្រណីត​របស់លោក Neymar ដែលមាន​កម្មករសំណង់​កំពុង​ជីក​បឹង​និង​បង្កើត​ឆ្នេរ​សិប្បនិម្មិត ក្រោយពី​មានការ​រិះគន់​នៅលើ​បណ្ដាញ​សង្គម​ចំពោះ​បញ្ហា​នេះ​។

​ក្រោយមក អាជ្ញាធរ​ប្រេ​ស៊ី​ល​បាន​បិទ​ទីតាំង និង​បញ្ជា​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ផ្សាយ​ថា លោក​ Neymar​ បានរៀបចំ​ពិធី​​ជប់លៀង និង​នាំគ្នា​ចុះ​ងូតទឹក​បឹង​នៅ​ទីនោះ​យ៉ាង​គឃ្លើន​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds