BREAKING NEWS:កម្ពុជាសម្រេចហាមសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនMeta២២នាក់មិនឱ្យចូលមកកម្ពុជាដាច់ខាត

រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រកាសហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុនMeta Platform Inc ចំនួន២២រូប មិនឱ្យចូល ឬមានវត្តមាននៅប្រទេសកម្ពុជាឡើយ និងបានដាក់កំហិតឱ្យសមាជិកក្រុមប្រឹក្សាភិបាលទាំង២២នាក់នេះ ត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៅវេលាម៉ោង១៦៖០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន

សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុនMeta Platform Incទាំង២២នាក់ ដែលរដ្ឋាភិបាលកម្ពុជាហាមឃាត់មិនចូល ឬមានវត្តមាននៅកម្ពុជារួមមាន៖ ១.Kenji Yoshino ២.Julie Owono ៣.Pamela San Martin ៤.Ronaldo Lemos ៥.Michael McConell ៦.Nighat Dad ៧.Katherine Chen ៨.Andras Sajo ៩.Emi Palmor ១០.John Samples ១១.Khaled Mansour ១២.Suzanne Nossel ១៣.Tawakkol Karman ១៤.Catalina Botero-Marino ១៥.Afia Asantewaa Asare-Kyei ១៦.Nicolas Suzor ១៧.Paolo Carozza ១៨.Evelyn Asward ១៩.Sudhi Krishnaswamy ២០.Helle Thorning-Schmidt ២១.Alan Rusbridger និង២២.Endy Bayuni។

ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platform Inc ដែលឱ្យផ្អាកបណ្ដោះអាសន្នចំពោះគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន គឺមានលក្ខណៈនយោបាយ។ ក្រសួងសង្កត់ធ្ងន់ថា អនុសាសន៍នេះមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។

គួរជម្រាបថា​ កាលពីថ្ងៃទី៣០ ខែមិថុនា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុក(Facebook) ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះតទៅ។

ក្រសួងសម្រេចដូច្នេះក្រោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជាការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។

គួរជម្រាបថា ការសម្រេចរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចេញសារសំឡេងនៅយប់ថ្ងៃដដែលដោយបញ្ជាក់ឱ្យប្រជាពលរដ្ឋបានច្បាស់កុំឱ្យភាន់ច្រឡំ គឺសម្ដេចនឹងមិនបិទការប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជានោះទេ ប៉ុន្ដែលោកក៏មិនឱ្យមានតំណាងក្រុមហ៊ុននេះនៅកម្ពុជាទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds