៦ខែ!សមត្ថកិច្ចជំនាញរឹបអូសបានទំនិញនិងសាច់ខូចគុណភាពជាង២ពាន់តោន
ដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)បានចុះត្រួតពិនិត្យ និងទប់ស្កាត់ជាប្រចាំនូវរាល់ផលិតផលដែលដាក់ឱ្យចរាចរនៅលើទីផ្សារនានានៅទូទាំងប្រទេស និងបណ្តាឃ្លាំងស្តុកទំនិញនានា ជាពិសេសផលិតផលម្ហូបអាហារ។
ជាក់ស្ដែងក្នុងរយៈ៦ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)បានរកឃើញ និងដកហូតផលិតផលទំនិញ និងសាច់ខូចគុណភាព មានចម្លងមេរោគឬជំងឺឆ្លង ផ្ទុកសារធាតុគីមី និងផុតកំណត់រយៈពេលប្រើប្រាស់ សរុបចំនួន២,0១៥តោននិង១៤២គីឡូក្រាម។ នេះបើតាមរបាយការណ៍របស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ផ្ញើជូនវិទ្យុវាយោ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
លោក ផាន អូន បានឱ្យដឹងថា ក្នុងចំណោមផលិតផលទំនិញ និងសាច់ខូចគុណភាពទាំងប្រមាណជាង២ពាន់តោនដែលសមត្ថកិច្ចជំនាញរឹបអូសបាន រួមមាន៖ សាច់បង្កកខូចគុណភាពមានចម្លងមេរោគឬជំងឺឆ្លង ផ្ទុកសារធាតុគីមីចំនួន១,៩៦៦តោននិង២០៥គីឡូក្រាម។
លោកបានបញ្ជាក់ផងដែរថា ចំពោះផលិតផលដែលខូចគុណភាព និងផុតរយៈពេលប្រើប្រាស់ដែលរឹបអូសបាន ជាផលិតផលដែលមានប្រភពនាំចូលមកពីបរទេស និងផលិតផលមួយចំនួនត្រូវបានផលិត និងកែច្នៃនៅក្នុងស្រុក។ ទំនិញទាំងអស់នេះ ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំដកហូតមកកំទេចចោលតាមនីតិវិធី៕