ចាប់ខ្លួនជនសង្ស័យម្នាក់ដែលបាញ់និងគប់កញ្ចក់ឡាននៅផ្លូវល្បឿនលឿន
(ខេត្តកំពង់ស្ពឺ)៖ ក្រោយទទួលបានបណ្ដឹងជាបន្ដបន្ទាប់ពីសំណាក់អ្នកដំណេីរ ជនរងគ្រោះ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបេីកប្រតិបត្ដិការស្រាវជ្រាវរក
មុខសញ្ញាដែលតែងតែបង្កអសន្ដិសុខ គប់ បាញ់កញ្ចក់រថយន្ដ។
ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង
បានសហការជាមួយកំលាំងនគរបាលប្រចាំការលេីផ្លូវល្បឿនលឿនស្រាវជ្រាវតាមវិធានជំនាញឃាត់ខ្លួនបានមុខសញ្ញាម្នាក់ចំណោមបក្ខពួកផ្សេងទៀតរត់គេចខ្លួន។
ជាក់ស្ដែងមុខសញ្ញាដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ឈ្មោះ ឈឿម ដែន ហៅ ខ្មៅ ភេទប្រុស៣៣ឆ្នាំ ស្នាក់នៅភូមិអូក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានសារភាពនិងបញ្ជាក់ថាខ្លួននិងបក្ខពួកបានធ្វេីសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វេីដំណេីរឆ្លងកាត់លេីផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិលនិងផ្លូវជាតិលេខ៤ភូមិស្លា។
តាមចម្លេីយបន្ថែមការធ្វេីសកម្មភាពមិនរេីសប្រភេទរថយន្ដនិងពេលវេលាទេ អោយតែខ្លួននិងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រេីប្រាស់គ្រឿងញៀន) កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលេីឡានជាច្រេីនតែមិនដឹងថាចំឬបែកកញ្ចក់ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេគឺមានបក្ខពួកផ្សេងទៀត។
ឈ្មោះ ឈឿម ដែន បានសារភាពថាករណីបាញ់កញ្ចក់រថយន្តដោយប្រើជំពាមកៅស៊ូ គឺពេលខ្លះមានប្រសិទ្ធភាពពេលខ្លះមិនបានផលនោះទេ។ ក្រៅពីខ្លួននៅមានបក្ខពួកម្នាក់ពីទៀតធ្វើសកម្មភាពសកម្ម ឈ្មោះ ខឹx..xន្លក ភេទប្រុស រស់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គេចខ្លួន)ហើយកម្លាំងនគរបាលជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់។ ជាមួយគ្នា សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យដែលចាប់ខ្លួនបានអនុវត្ដតាមនីតិវិធី៕