ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសជប៉ុនខណៈកម្ដៅខ្លាំងបានវាយប្រហារភាគខាងលិចនិងខាងជើងប្រទេស

(ប្រទេសជប៉ុន)៖ មន្ត្រី​ឧត្តុនិយម​របស់​ប្រទេស​ជប៉ុន កំពុង​អំពាវនាវ​ឱ្យ​ប្រជាជន​រស់នៅ​តំបន់ Kyushu ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន បង្កើន​ការប្រុងប្រយ័ត្ន​ ចំពោះ​ការរអិល​បាក់ដី និងទឹក​ជំនន់ ដោយសារតែ​ភ្លៀងធ្លាក់​ខ្លាំង ដែលបាន​វាយលុក​តំបន់​នេះ​កាលពី​ចុងសប្តាហ៍​ហើយអាច​នឹងអូស​បន្លាយ​ថែមទៀត។​

សារព័ត៌មាន​ជប៉ុន NHK បានរាយការណ៍​នាថ្ងៃ​ទី៣ ខែកក្កដា​នេះ ថា​ស្ថានភាព​អាកាសធាតុ​បែប​នេះ ​នឹងនៅតែរក្សា​នៅតំបន់ Kyushu ដោយនាំមក​នូវ​ភ្លៀងធ្លាក់​យ៉ាងគំហុក។​

មន្ត្រី​ឧតុនិយ​មបានឱ្យ​ដឹងទៀតថា តាមការ​ប៉ាន់ស្មាន ស្ថានភាព​អាកាសធាតុ​នេះ​នឹងនៅតែ​គ្របដណ្ដប់​លើកោះ Kyushu បន្តទៀត ហើយអាច​នឹងនាំ​ឱ្យមាន​ភ្លៀងធ្លាក់​លើសពី ៥០ មិល្លីម៉ែត្រ ក្នុងមួយ​ម៉ោង។​
យោងតាម​សារព័ត៌មាន NHK ដដែល​បានបន្ត​ថា នៅព្រឹក​ថ្ងៃចន្ទ ខេត្ត Oita អាចមាន​ភ្លៀងធ្លាក់​រហូតដល់ ៦៥ មិល្លីម៉ែត្រ ក្នុងរយៈពេល​តែមួយ​ម៉ោង។​

សេចក្ដីជូនដំណឹង​ត្រូវបានចេញ​ផ្សាយ​ដើម្បី​ដាស់តឿន​ប្រជាជន​ឱ្យមានការ​ប្រុងប្រយ័ត្ន​ទៅលើ​ការរអិលបាក់ដី ការជន់លិច​នៅតំបន់​ទំនាប ទឹកជន់​លេចទន្លេ រន្ទះ និងខ្យល់​កន្រ្តាក់​ផងដែរ។​
យោងតាមរបាយការណ៍​ដដែល​នេះ​ផងដែរ ដោយសារ​ភ្លៀងធ្លាក់​ខ្លាំង​នាពេលថ្មីៗ​នេះ បានធ្វើ​ឱ្យ​ផែនដី​កាន់តែ​អស្ថិរភាព ដែលបង្កើន​លទ្ធភាព​នៃការរអិល​បាក់ដី និងគ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងទៀត​នៅក្នុងតំបន់​ដែលរង​ផលប៉ះពាល់។

ប្រជាជន​ម្នាក់​ស្លាប់ និងពីរ​នាក់​ទៀត​បាត់ខ្លួន៖

យោងតាម​សារព័ត៌មាន​ក្យូដូ បានឱ្យដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ និងពីរ​នាក់​ផ្សេងទៀត​បានបាត់​ខ្លួន​កាលពី​ថ្ងៃសៅរ៍ ដែលជាលទ្ធផល​នៃទឹកភ្លៀង​ដែលបាន​បំបែក​កំណត់ត្រា​រៀងរាល់​ម៉ោង ដែលត្រូវ​បានរាយការណ៍នៅ​ក្នុងតំបន់​ជាច្រើន​នៃភាគ​ខាងលិច​ទីក្រុង Honshu និងតំបន់ Kyushu ។​

យោងតាម​អាជ្ញាធរមូលដ្ឋាន​ដែលដកស្រង់​ដោយសារព័ត៌មាន​ក្យូដូ គ្រោះរអិល​បាក់ដី​នៅ​ខេត្ត Oita បានលេបត្របាក់​ផ្ទះ​មួយ​ខ្នង ដោយក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​ព្យាយាម​ស្វែងរក​បុរស​អាយុ ៧០ ឆ្នាំ​ដែលជាម្ចាស់​កាន់កាប់ ហើយគេ​ក៏បាន​រក​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​ក្នុង​រថយន្ត​ដែល​ត្រូវបាន​ប៉ះទង្គិច​នៅ​ក្នុង​ខេត្ត Yamaguchi នេះ​ផងដែរ។ ​

យោងតាម​អាជ្ញាធរ​ក្នុងតំបន់​បានឱ្យដឹង​ថា រថយន្ត​ចំនួន ៧ គ្រឿង​ត្រូវបាន​រកឃើញ​ជាប់គាំង​នៅក្នុង​ទីក្រុង Mine ខេត្ត Yamaguchi ដោយសារតែ​ភ្លៀងធ្លាក់​ខ្លាំង ហើយអ្នក​បើកបរ​ម្នាក់​បាន​បាត់ខ្លួន។​

បញ្ហា​កើន​កម្ដៅ​ខ្លាំង​នៅភាគ​ខាងលិច ខាងជើង​ប្រទេស​ជប៉ុន៖

សារព័ត៌មាន​ជាតិ​របស់​ជប៉ុន NHK បានរាយការណ៍​ថា សីតុណ្ហភាព​បានកើន​ឡើង​ នៅកន្លែង​ជាច្រើន​រាប់ពីភាគ​ខាងលិច​រហូត​ដល់​ភាគខាងជើង ​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃអាទិត្យ ហើយ​កម្ដៅ​ដ៏ក្តៅគគុក​នេះ​ ត្រូវបានគេរំពឹង​ថា​នឹងបន្តទៀត​ដល់​ថ្ងៃចន្ទ គ្រប​ដណ្ដប់​លើ​តំបន់ Kinki និងTokai។​

គេប៉ាន់ស្មាន​ទៀត​ថា នៅថ្ងៃចន្ទ​សីតុណ្ហភាព​នឹងកើនឡើង​ដល់ ៣៥ អង្សារសេ​នៅក្នុងទី​ក្រុង Nara, Gifu, Nagoya និង Kofu និងកើនត្រឹម ៣២ អង្សារសេ ​នៅកណ្តាល​ទីក្រុង​តូក្យូ។​

យោងតាម NHK ដដែល​នេះ នៅតំបន់​មួយចំនួន ​សីតុណ្ហភាព​ខ្ពស់នៅ​ពេលថ្ងៃ នៅថ្ងៃ​អាទិត្យ​បានឡើងដល់ ៣៥.៣ អង្សារសេ​ នៅទីក្រុង​តូយ៉ូតា ក្នុងខេត្ត Aichi ៣៥.១ អង្សារសេ​នៅទី​ក្រុង Shimanto ក្នុងខេត្ត Kochi និង ៣១.៧ អង្សារសេ ​នៅកណ្តាល​ទីក្រុង​តូក្យូ។​

ទូរទស្សន៍​ជាតិ​ខាងលើ​នេះ​បានរំឭកទៀត​ថា សីតុណ្ហភាព​ខ្ពស់​ក៏អាច​បណ្តាល​ឱ្យមាន​បរិយាកាស​មិនស្ថិតស្ថេរ ហើយមន្ត្រី​ជំនាញ​កំពុង​ជំរុញ​ឱ្យ​ប្រជាជន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់ រន្ទះ និងខ្យល់​កន្ត្រាក់​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds