សត្វគោក្របីចិញ្ចឹមជាង៣,១០០ក្បាលជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាងត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺអុតក្ដាមនិងសារទឹក
(ខេត្តស្ទឹងត្រែង)៖ គម្រោងUSAID មរតកបៃតង កំពុងគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងលើសត្វគោក្របីចិញ្ចឹមដែលរស់នៅជុំវិញដែនជម្រកសត្វព្រៃស្រុកសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង ដោយគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មកទល់បច្ចុប្បន្ននេះ មានសត្វគោក្របីជាង៣,១០០ក្បាល ជាកម្មសិទ្ទិរបស់អ្នកភូមិជាង២០០គ្រួសារ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង។ ការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងលើសត្វគោក្របីទាំងនេះ ជាការសហការរវាងគម្រោងUSAID មរតកបៃតងជាមួយនិងក្រុមហ៊ុនដៃគូអភិរក្សក្នុងស្រុក គឺក្រុមហ៊ុន Rising Phoenix។ នេះបើតាមការបញ្ជាក់របស់គម្រោងUSAID មរតកបៃតង។
លោក ធន់ កុក ជាពេទ្យសត្វរស់នៅក្នុងភូមិខិះស្វាយ ដែលជាភូមិតូចមួយនៅក្នុងស្រុកសៀមប៉ាង បានរម្លឹកថា ពីមុនជំងឺឆ្លងដូចជា៖ ជំងឺសារទឹក និងជំងឺអុតក្តាម បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សត្វស្រុក និងសត្វព្រៃនៅក្នុងតំបន់នោះ។ លោកថា៖ “ជំងឺរាតត្បាតទាំងនោះបានរីករាលដាលយ៉ាងលឿន និងបានគំរាមកំហែងដល់សន្តិសុខស្បៀង និងប្រភពចំណូលរបស់អ្នកភូមិយ៉ាងខ្លាំង”។
លោក ធន់ កុក បន្តថា វ៉ាក់សាំងដែលចាក់ឱ្យគោនិងក្របីប្រមាណជាង៣ពាន់ក្បាលនេះ អាចជួយការពារសត្វគោក្របីពីជំងឺ និងកាត់បន្ថយការរីករាលដាលនៃជំងឺនានា។ ចំណុចដែលល្អបំផុតថែមទៀតនោះ គឺវ៉ាក់សាំងនេះក៏ជួយការពារការរីករាលដាលជំងឺទៅដល់ប្រភេទសត្វព្រៃកម្រនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងផងដែរ។
គម្រោងUSAID មរតកបៃតងបានឱ្យដឹងផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របី ធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដោយមានការចូលរួមពីមេភូមិ បសុពេទ្យឬពេទ្យសត្វ និងសហគមន៍មកពីភូមិចំនួនប្រាំពីរ។ ជាមួយគ្នា ក្រុមហ៊ុន Rising Phoenix បានបណ្តុះបណ្តាលដល់ពេទ្យសត្វក្នុងស្រុកឱ្យចេះលើការចាក់វ៉ាក់សាំង និងបង្កើនការយល់ដឹងក្នុងចំណោមគ្រួសារអ្នកភូមិដើម្បីបង្កើនប្រសិទ្ធភាពនៃកម្មវិធីចាក់វ៉ាក់សាំងនេះ។
គម្រោងUSAID មរតកបៃតងកត់សម្គាល់ទៀតថា ចំនួនសត្វគោក្របីដែលងាប់ដោយសារជំងឺសារទឹកបានថយចុះនៅក្នុងភូមិជាច្រើនក្នុងស្រុកសៀមប៉ាង តាមរយៈការបង្កើនចំណេះដឹងផ្នែកថែទាំចិញ្ចឹមសត្វ បច្ចេកទេស និងបសុសត្វដល់សហគមន៍។ កត្តានេះបានជួយឱ្យគ្រួសារអ្នកភូមិលក់គោក្របីរបស់ពួកគេបានក្នុងតម្លៃខ្ពស់ អាចបង្កើនប្រាក់ចំណូល និងធានាសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគេបានប្រសើរជាងមុន។
ដែនជម្រកសត្វព្រៃសៀមប៉ាង គឺជាតំបន់អភិរក្សដ៏សំខាន់មួយស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ដែលលាតសន្ធឹងលើផ្ទៃដី ១៣៣,៧00ហិកតា។ ដែនជម្រកសត្វព្រៃនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ហើយវាជាជម្រកសត្វព្រៃដែលរងគ្រោះជិតផុតពូជដូចជា សត្វរមាំង ខ្ទីង និងទន្សោងជាដើម។ នៅរដូវប្រាំង សត្វគោក្របីស្រុកក្នុងនៅភូមិក្បែរៗនោះ តែងតែត្រូវបានលែងឱ្យដើររកចំណីដោយសេរីនៅក្នុងដែនជម្រកសត្វព្រៃ ហើយតែងតែមានការពាក់ព័ន្ធជាមួយសត្វព្រៃ។ កន្លងមក ដោយសារតែកង្វះការការពារថែទាំបានត្រឹមត្រូវ ធ្វើឱ្យមានការរីករាលដាលនៃជំងឺពីសត្វព្រៃមកកាន់សត្វពាហនៈដែលជាសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ៕