ស្លា.ប់ម្នាក់របួសម្នាក់ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកទំនិញធុនធំបេីកបុកពេញទំហឹង
រាជធានីភ្នំពេញ៖ រថយន្តសណ្ដោងដឹកទំនិញធុនធំបានបេីកលឿនជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនឹងផ្លូវលេខ២១៧ ត្រង់ចំណុចភ្លើងស្តុបបារគូ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡេីយទេ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនកេីតហេតុគេបានឃេីញ បុរសម្នាក់និងស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 1BF-6426 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចភ្លើងស្តុបបារគូ បានឆ្លងផ្លូវ មិនទាន់នឹងផុតផង ស្រាប់តែមានរថយន្តសណ្ដោងដឹកទំនិញធុនធំមួយគ្រឿងមិនចាំម៉ាកបេីកបរក្នុងល្បឿនលឿនពីជេីងទៅត្បូងបានជ្រុលទៅបុកម៉ូតូជនរងគ្រោះទាំងពីរនាក់ពេញទំហឹងបណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ ចំណែកឯបុរសម្នាក់ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្តបង្កមិនបានឈប់ទេបានបន្ថែមល្បឿនបេីករត់ទៅតាមផ្លូវជាតិលេខ២ បាត់ស្រមោល។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឱ្យមកធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕