សត្វព្រៃកម្រ៣ប្រភេទត្រូវបានរកឃើញបន្ថែមនៅក្នុងដែនជម្រកភូមិសាស្ត្រខេត្តពោធិ៍សាត់
(ភ្នំពេញ)៖ រកឃើញសត្វព្រៃកម្រចំនួន៣ប្រភេទ ដោយម៉ាស៊ីនថតស្វ័ប្រវត្តិ ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងត្រូវបានកត់ត្រាបញ្ជាក់ពីវត្តមានបន្ថែម បន្ទាប់ពីការសិក្សារយៈពេលជាង៣ខែ ក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» ហៅកាត់ថា CSLEP ។
ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» បានសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិ ចំនួន២០គ្រឿង ដែលបានដាក់សិក្សារយៈពេលជាង៣ខែ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។
បើតាមគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានឱ្យដឹងថា ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះ ប្រមូលពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងនោះរួមមាននៅចំណុច ដំណាក់ត្រប អូរល្ហុង ស្ទឹងក្រហម ថ្មយ៉ន ថ្មធំ ខ្មោចចាម ខ្នងស្រល់ និងដំណាក់យានលន់បានដោយជោគជ័យ។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP នៃក្រសួងបរិស្ថាន។
សត្វព្រៃមានដោកម្រ (EN) និង(VU) ចំនួន ៣ប្រភេទផ្សេងទៀត ត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមយៈការសិក្សានេះ។ ប្រភេទសត្វព្រៃទាំងនេះរួមមាន៖ ពង្រូល ខ្លាលឿង មាស សត្វយំឬសត្វចាំត្រពាំង។ សូមគោរពជម្រាបជូនផងដែរថា ការសិក្សានេះជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្ត មានប្រភេទសត្វព្រៃសំខាន់ៗដែលមានតំលៃអភិរក្សក្នុងតំបន់ និងជាសកល ព្រមទាំងវាជាផ្នែកមួយនៃការអនុវត្តផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលទទួលការឯកភាពពីក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕