ឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតថ្នាំញៀន និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម
(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) អគ្គស្នងការនគរបាលជាតិ កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១និង៤០នាទី បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ដកហូតថ្នាំញៀន និងសារធាតុផ្សំមិនច្បាស់ជាង១០០គីឡូក្រាម នៅចំណុចខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីជាជនជាតិចិនម្នាក់មានឈ្មោះ អ៊ូ ហ័រ ជិន (WU HUA ZHEN) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាងរួមមាន សារធាតុញៀន៣ប្រភេទ ទម្ងន់២៣គីឡូក្រាម, មេតំហ្វេតាមីនទម្ងន់ ១៣២,៣៣ក្រាម, កេតាមីន ទម្ងន់៩៨៤,29ក្រាម និងប្រភេទ MDMA ទម្ងន់ ២២គក្រ។ សារធាតុផ្សំមិនច្បាស់ ទម្ងន់ ១២២គីឡូក្រាម៩៣៤ក្រាម និងសម្ភារកែច្នៃមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញដើម្បីចាត់ការតាមនីតិវិធី៕