លោកជួប ប៉ារីស៍៖ ក្រសួងបរិស្ថាន យកចិត្តទុកដាក់ខ្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
កោះកុង៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអោយដឹងថា ព្រៃឈើមានមុខងារ២យ៉ាង ទី១ ជាផលិតផល និងទី២ ជាមុខងារ ក្នុងនេះដូចជា ផ្តល់អនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ ឱសថជាដើម និងក្រៅពីនេះ វានៅមានមុខងារជួយស្រូបទឹកក្នុងដី ជួយទប់ការហូរច្រោះ និងពិសេសការស្រូបឧស្ម័នកាបូនិក ពីបរិយាកាស ដែលជួយឱ្យយើងអាចលក់កាបូនបាន សម្រាប់អភិវឌ្ឍន៍សង្គមមូលដ្ឋាន។
ថ្លែងក្នុងពិធីបញ្រ្ជាប ចំណេះដឹងបរិស្ថាន ស្តីពីការការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិជាមួយ ប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងមន្ទីរបរិស្ថាន ខេត្តកោះកុង លោក ជួប ប៉ារីស៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដែលក្នុងនោះបានថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ក្នុងការការពារ ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន។
លោកបន្ថែមថា កម្ពុជាកំពុងចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទន្ទឹមនឹងនោះ ក៏បន្តគោលដៅជាតិផ្សេងទៀត សម្រាប់សង្គម និងបរិស្ថានផងដែរ។ លោកថា ដោយសារកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ បានល្អប្រសើរ កម្ពុជាកំពុងបន្តកិច្ចព្រម ព្រៀងលក់ឥណទានកាបូន បន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពី ការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេស ដែលបានខិតខំការពារព្រៃឈើបានល្អប្រសើរ ដើម្បីទទួលបានថវិកា តាមរយៈការលក់ឥណទានកាបូន។
លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជា ប្រធានលេខាធិការដ្ឋានកម្មវិធីរេដបូកជាតិ បានឲ្យដឹងថាៈ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកា ពីការលក់ឥណទានកាបូន ក្នុងគម្រោងចំនួនពីរ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តខេត្តកោះកុង។ មុននឹងទទួលបានឥណទានកាបូននេះ មានការវាយតម្លៃច្បាស់ លាស់ពីអ្នកជំនាញ លើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដើម្បីធានាការពារ និងគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពលើតំបន់ ការពារធម្មជាតិ ដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបាន នូវធនធានធម្មជាតិ នៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិ ត្រូវបានអភិរក្ស ប្រកបដោយប្រសិទ្ធភាព។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នសម្របបសម្រួលកម្មវិធី បានបញ្ជាក់ថាៈ នេះជាលើកទី២ ហើយ ដែលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថាន បានរៀបចំឡើង ជាពិសេសជាមួយ អ្នកសារព័ត៌មាន ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ចូលរួមកាន់តែប្រសើរ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការធានានិរន្តរភាពជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។ អ្នកសារព័ត៌មាន ទទួលបានចំណេះដឹងបរិស្ថាន តាមរយៈការចែករំលែក ពីថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់ក្រសួងបរិស្ថាន ទាក់ទងនឹងការពង្រឹងបាន នូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការអនុវត្តកម្មវិធី និងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍន៍ជីវភាពសហគមន៍។
សូមបញ្ជាក់ថា កម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថាន ស្តីពីការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិ នៅកម្ពុជា ជាមួយអ្នកសារព័ត៌មាន រៀបចំឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រសួងបរិស្ថាន សម្របសម្រួល ដោយមន្ទីរបរិស្ថានខេត្តកោះកុង និងមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមានអ្នកសារព័ត៌មានទាំង ២០ ស្ថាប័ន (មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិកត្រូនិក)៕