សហគមន៍ តាខេះមានជ័យ រួមគ្នាដាំដើមឈើឡើងវិញ ដើម្បីបង្កើនចំណី សម្រាប់ការចិញ្ចឹមសត្វឃ្មុំ

ខេត្តបាត់ដំបង​ ៖ ដើម្បី​រួម​គ្នា​បង្កើន​ចំនួន​ព្រៃឈើ​ ឲ្យ​សម្បូរ​បែប និងមាន​ព៌​ណ​បៃតង​ស្រស់បំព្រង​ឡើង​វិញ ​​តំបន់​សហគមន៍ ​តា​ខេះ​មាន​ជ័យ ​ស្ថិត​ក្នុងស្រុក​សំឡូត ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ខេត្តបាត់ដំបង និង​មូលនិធិ ​ម៉ា​ដ​ក្ស ​ចូ​លី​ភី​ត ​(MJP)​ បាន​រួម​គ្នា​ដាំដើមឈើឡើងវិញ។

​ការ​ដាំ​ដើមឈើ​នេះ ​ក៏​ជា​ផ្នែក​មួយ​ស្តារ​ឡើង​វិញ ​នៃ​ព្រៃឈើ​ ដែល​រិច​រិល​ នា​កន្លង​មក​ផង​ដែរ ​និងបាន​ផ្តល់​អំណោយផល ​ចំពោះ​ការ​បង្កើន​ចំណី ​សម្រាប់​ការ​ចិញ្ចឹមសត្វ​ឃ្មុំ​ ស្របដែល​ក្នុង​តំបន់​នេះ ​មាន​ប្រជា​សហគមន៍​ ជាង​៣០​គ្រួ​សារ បាន​នាំ​គ្នា​ប្រកប​រប​ចិញ្ចឹមសត្វ​ឃ្មុំ​ ដែល​មុខរប​នេះ ​បាន​ជួយ​ធ្វើ​ពួក​គាត់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារផងដែរ។

ប្រជា​សហគមន៍​នៅ​តំបន់​សហគមន៍​ តា​ខេះ​មាន​ជ័យ​ អ្នក​មីង ជ័យ រ៉​ង ​បាន​ឲ្យ​ដឹង​ថា​ រាល់ថ្ងៃ​ អ្នក​មីង ​បាន​ប្រកប​រប​ចិញ្ចឹម​ឃ្មុំ​យក​ទឹក ​ដើម្បី​លក់​ ។ ការ​ចិញ្ចឹម​ឃ្មុំ​នេះ ​បាន​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​មីង ​ដោះស្រាយ​ការ​លំបាក ​ក្នុង​គ្រួ​សារ បាន​ដូច​ការ​សិក្សា​របស់​កូន​រៀន ការ​ចំណាយ​លើ​ម្ហូបអាហារ បង់ការ​ប្រាក់​ធនាគារ ​ជាដើម​។ អ្នក​មីង​ ថា តំបន់​សហគមន៍​តា​ខេះ​នេះ​ ដែរ​បាន​ផ្តល់​អំណោយផល​ ក្នុង​ការ​ចិ​ញ្ញឹ​ម​ឃ្មុំ ​សម្រាប់​ប្រជា​សហគមន៍​។

លោក នេត្រ ភក្ត្រា ​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន កាលពីរ​រសៀល​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២៣ ​បាន​ដឹកនាំ​ក្រុមការងារ ​ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ ​ស្ថិត​នៅ​ក្នុង​សហគមន៍​តា​ខេះ​មាន​ជ័យ​ ដែល​ជា​តំបន់​ស្តារ​ព្រៃ​ឡើង​វិញ ​នៅ​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង​ ដើម្បី​មើល​ពី​ការ​របៀប​ចិញ្ចឹមសត្វ​ឃ្មុំ ។ លោក​បញ្ជាក់​ថា« ​ឈើ​ដែល​បាន​ជ្រើសរើស​ដាំ ​មាន​ប្រភេទ បេង នាងនួន ធ្នុង​ជាដើម​។​ ក្រៅពី​នេះ​ ក៏​មាន​ដាំ​ដើម​ត្របែកព្រៃ ដើម​គ ដែល​ប្រភេទ​ដើមឈើ​ មាន​ផ្កា​ផ្តល់​មក​វិញ ​នូវ​ផល​សម្រាប់​សត្វ​ឃ្មុំ និង​ក្រៅពី​នេះ ​ក៏​មាន​ផ្កា​ប្រភេទ​ផ្សេង​ៗ​ទៀត ​ដែល​មាន​លម្អង។ ​ការ​ដាំ​នេះ ​ក៏​សម្រាប់​ស្តារ​ឡើង​វិញ​ នៃ​ព្រៃឈើ តែ​ក៏​ជា​ផ្នែក​មួយ​បង្កើន​ចំណី ​សម្រាប់​សត្វ​ឃ្មុំដែរ ព្រោះថា​ សហគមន៍​មួយ​នេះ​ប្រជាពលរដ្ឋ​ បាន​ចិញ្ចឹម​ឃ្មុំ ដែល​ជា​មុខរបរ​បន្ថែម​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្រៅពី​ធ្វើ​ចំការ​» ​។

លោកបន្ថែម​ថា «​នេះ​ជា​ចំណុច​មួយ ​ដែល​យើង​មើលឃើញ​ថា​ សហគមន៍​គាត់​ចាប់ផ្តើម​យល់ ហើយ​ពួក​គាត់ ​បាន​ទទួល​ការ​បង្ហាត់បង្រៀន​បច្ចេកទេស​ ពី​អង្ក​ការ​ដៃគូ ​ដើម្បី​រៀន​របៀប​ចិញ្ចឹម​ឃ្មុំ ​ក្នុង​សហគមន៍ ​ក្នុង​ការ​បង្កើន​ចំណូល​។ ​ការ​ដាំ​ស្តារ​ឡើង​វិញ ​នៃ​ព្រៃឈើ​សហគមន៍​របស់​គាត់​ មិន​ត្រឹម​ផ្តល់​ផលប្រយោជន៍​ជាដើម​ឈើ​ទេ តែ​វា​ក៏​ជា​ផ្នែក​មួយ​បន្ថែម​ទៀត​ ដែល​អនុញ្ញាត្តិឱ្យ​ពួក​គាត់​ដាំ​ដើមឈើ​សម្រាប់​សត្វ​ឃ្មុំ ​ក្រេប​លម្អង ​ដើម្បី​បាន​ទឹកឃ្មុំ​លក់​»​។

ចំណែកលោក សេង សម័យ នាយ​រង​រដ្ឋបាល​ព្រៃឈើ​ ស្រុក​សំឡូត ​ថ្លែង​ថា ​ក្នុង​សហគមន៍​ព្រៃឈើ​តា​ខេះ​មាន​ជ័យ​ ​បាន​ចូលរួម​ដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ ​ព្រម​ជាមួយ​ការ​ចុះ​ល្បាត ​ការពារ​ជាប់​ជា​ប្រចាំ។ ​សហគមន៍​មួយ​នេះ​ បាន​ដាំ​ដើមឈើ​ចំនួន​ ៣​លើក ​មក​ហើយ ​ដែល​សរុប​មាន​ចំនួន ១,៤៥០​ដើម ​ដែល​ជា​គម្រោង​អង្គការ​ដៃគូ​ ។ ​​កាលពីមុន ​ពលរដ្ឋ​មានការ​ប៉ះ​ដៃ ​យកដៃ ប៉ះ​ជើង​យក​ជើង ប៉ុន្តែ​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ពួក​គាត់​បាន​យល់​ជ្រួតជ្រាប​ពី​ច្បាប់​ព្រៃឈើ និង​ច្បាប់​ធនធានធម្មជាតិ ពួក​គាត់​មានការ​ខ្លាចរអា ​ក្នុង​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗ​ ផង​ដែរ​ ​។

លោក សេង សម័យ​ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ​ក្នុងស្រុក​សំឡូត ​មាន​សហគមន៍​សរុប​ចំនួន ១៤​សហគមន៍​។​ នា​ពេល​បច្ចុប្បន្ន​ ប្រជា​សហគមន៍ ​តាម​តំបន់​ព្រៃឈើ ​តែង​អាស្រ័យ​ផល​ ក្នុង​ការ​រក​ទឹកឃ្មុំ រក​ផ្សិត បន្លែបង្កា​នានា​ ដែល​ជួយ​ឱ្យ​ជីវភាព​ពួក​គាត់​ល្អ​ប្រសើរ​។

សូម​ជម្រាប​ថា​ កាលពី​ពេល​កន្លង​មក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ផែនការ​ប្រែក្លាយ​តំបន់​ឧទ្យាន​ជាតិ និង​ដែនជម្រកសត្វព្រៃ​ស​ទៅ​ជា​គោលដៅ​ទេសចរណ៍ ឬ​តំបន់​លំហែកាយ​ដើម្បី​បង្កើន និង​លើក​ស្ទួយ​ជីវភាព​ប្រជា​សហគមន៍​ ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​ការពារ​ធនធានធម្មជាតិ​រយៈពេល​យូរអង្វែង​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds