ឈុត សេរីវ៉ាន់ថង ខ្ញុំមិនទាន់ចេញពីវិស័យប្រដាល់គុនខ្មែរទេ
បន្ទាប់ពីម្ចាស់មេដាយមាសគុនខ្មែរ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កីឡាករ ឈុត សេរីវ៉ាន់ថង កាលពីទី១៨មិថុនា ម្សិលមិញ បានបង្ហោះនៅលើទំព័រហ្វេសបុករបស់ខ្លួនមួយថា «គ្រប់គ្រាន់ហើយ ចង់រស់ជាខ្លួនឯងតាមបែបធម្មជាតិ មានឬក្រតាមយថាកម្ម អនុស្សាវរីយ៍បន្សល់ទុកឱ្យបងប្អូនត្រឹមហ្នឹងចុះ» ហាក់បង្ហាញចេតនាចង់ឃ្លាតឆ្ងាយពីពិភពប្រដាល់ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ខណៈសាម៉ីខ្លួនអះអាងថាខ្លួនមិនមានបំណងចាកចេញពីអាជីពជាអ្នកប្រដាល់គុនខ្មែឡើយ។
កីឡាករ ឈុត វ៉ាន់ថង បានបង្ហោះសំណេរខ្លីមួយ អមដោយរូបភាពមួយសន្លឹកកាន់បន្លែស្ពៃចង្កឹះនៅស្រុកកំណើត នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឱ្យមានការយល់ត្រឡំ ចំពោះអនាគត់របស់គេ ក្នុងវិស័យកីឡាប្រដាល់។
សំណេរដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនយល់ច្រលំថា កីឡាកររហស្សនាមរាហ៊ូមាស ចាកចេញពីវិស័យប្រដាល់គុនខ្មែរ សរសេរថា៖«គ្រប់គ្រាន់ហើយ ចង់រស់ជាខ្លួនឯងតាមបែបធម្មជាតិ មានឬក្រតាមយថាកម្ម អនុស្សាវរីយ៍បន្សល់ទុកឱ្យបងប្អូនត្រឹមហ្នឹងចុះ»។ យ៉ាងណាជុំវិញមន្ទិលសង្ស័យនេះដែរ ម្ចាស់មេដាយមាសគុនខ្មែរមានដើមកំណើតនៅខេត្តបាត់ដំបង ថាខ្លួនមិនបានចាកចេញពីវិស័យប្រដាល់នេះទេ។ វ៉ាន់ថងថា«អត់ទេ! ក្នុងន័យខ្ញុំបង្ហោះហ្នឹងអត់មានពាក្យណាថាឈប់ទេ គ្រាន់តែខ្ញុំចង់មានជីវិតស្រស់បំព្រងដូចធម្មជាតិ»។