កីឡាករចំបាប់កម្ពុជាស៊ូ បាលី ក្លាយជាដំបូងគេ ឈ្នះមេដាយកម្រិតអាស៊ី
(កីឡា)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U-23 Asian Championship2023)នៅប្រទេសកៀហ្ស៊ីស៊ីស្ថានថ្ងៃទី១៨ ខែមិថុនា កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី ឈ្នះមេដាយសំរឹទ្ធ១។ នេះជាមេដាយលើកដំបូងហើយសម្រាប់កីឡាករចំបាប់កម្ពុជាដែលដណ្តើមបានពីព្រឹត្តិការណ៍តំបន់អាស៊ី។
ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ កីឡាករកូនកាត់ខ្មែរ-អ៊ូសបេគីស្ថាន ស៊ូ បាលី បានយកឈ្នះកីឡាករម៉ុងហ្គូលី TSONG TBAYAR.M ដោយលទ្ធផល ៦-១ លើវិញ្ញាសាចំបាប់សេរី Freestyle ទម្ងន់១២៥គីឡូក្រាម ដើម្បីទទួលបានមេដាយសំរឹទ្ធនេះ។
ក្រោយឈ្នះមេដាយសមរឹទ្ធ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត បានបង្ហាញក្តីរំភើប ក្រៃលែង នេះជាការដណ្តើមបានមេដាយសំរឹទ្ធជាលើកដំបូង។ លោកថា«សម្រាប់កីឡាចំបាប់អាស៊ីនេះជាលើកដំបូងដែលកម្ពុជាយើងឈ្នះមេដាយសំរឹទ្ធ។ ការចូលរួមនេះសំខាន់ណាស់សម្រាប់កម្ពុជា គឺដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី និងបង្កើននូវគុណភាព និងបច្ចេកទេសលំដាប់អន្តរជាតិ និងត្រៀមការប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសថៃ នាឆ្នាំក្រោយនេះ»។
បើតាមលោក លោក ខេស៊ី បាណេត លើកឡើងថា យើងមានកម្រិតពិបាកខ្លាំងដែលកម្ពុជាទៅប្រកួតជាមួយ នឹងកីឡាករដែលមានសមត្ថភាពខ្ពស់មកពីបណ្តាប្រទេសខ្លាំងៗ រូមមានតំបន់អាស៊ីកណ្តាល ដែលសុទ្ធសឹងតែជាប្រទេសសម្បូរទៅដោយធនធានកីឡាករមានបទពិសោធ និងបច្ចេកទេសប្រកួតលំដាប់ពិភពលោក៕