កីឡាការិនី បូ សំណាង ឈ្នះ​ពាន​​រង្វាន់​ពី​កាសែត​ដ៏​ល្បី​របស់​វៀតណាម

(វៀតណាម) ៖ កីឡាការិនី​រត់​ចម្ងាយ​កម្ពុជា បូ សំណាង រួម​នឹង​កីឡាការិនី​វៀតណាម​២​រូប​ផ្សេង​ទៀត គឺ​កីឡាការិនី​វាយ​កូន​ឃ្លី​លើ​តុ Tran Mai Ngoc និង​កីឡាការិនី​រត់​ចម្ងាយ Nguyen Thi Oanh ទទួល​បាន​ពានរង្វាន់​កិត្តិយស «32nd SEA Games Inspiration Awards» ពី​កាសែត Tuoi Tre ដ៏​ល្បី​របស់​វៀតណាម នៅ​ក្នុង​ពិធី​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា កន្លង​ទៅ​។

ពានរង្វាន់​កិត្តិយស «32nd SEA Games Inspiration Awards» បង្កើត​ឡើង​ក្នុង​វត្ថុបំណង​ផ្តល់​ជូន​ដល់​អត្ត​ព​លិ​ក ដែល​មានរឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ រួម​ជាមួយ​ការ​បំផុសគំនិត​ដ៏​ល្អ​បំផុត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត កីឡាការិនី​៣​រូប​ខាងលើ​សក្តិ​សម​ទទួល​បាន​ពានរង្វាន់​កិត្តិយស​មួយ​នេះ​។

ដោយឡែក​កីឡាការិនី​កម្ពុជា បូ សំណាង ឈ្នះ​ពានរង្វាន់​នេះ មិនមែន​ដោយសារ​នាង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​វិញ្ញាសា​រត់​ចម្ងាយ ៥.០០០​ម៉ែត្រ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ការ​តស៊ូ​របស់​នាង​មិន​បោះបង់​ការ​ប្រកួត រត់​ក្រោម​ដំណកទឹកភ្លៀង​រហូត​ដល់​គោលដៅ បើ​ទោះបីជា​នាង​មក​ដល់ទី ក្រោយ​គេ​បង្អស់​យ៉ាងណា​ក្តី​។ ការ​តស៊ូ​មិន​បោះបង់​របស់​នាង បាន​រំជើបរំជួល​កក្រើក​ដល់​បណ្តាសារ​ព័ត៌មាន​ធំ​ៗ​នៅ​លើ​ពិភពលោក​។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ កាល​ខែ​មុន ប៉ុន្តែ​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣ មួយ​នេះ នឹង​នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​អ្នកគាំទ្រ​វិស័យ​កីឡា​…៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds