ទោះបីខានឡើងសង្វៀនគុនខ្មែរច្រើនឆ្នាំ ប៉ុន្តែវិលមកវិញអ៊ុង ភារៈ នៅរក្សាក្បាច់នៅដដែល
(កីឡា)៖ កីឡាករចាស់វស្សា អ៊ុង ភារៈ បានផ្តួលកីឡាករឡាវត្រឹមទឹកទី២ សម្រាប់ការប្រកួតមិត្តភាពនៅកម្មវិធីគ្រុឌគុនខ្មែរ សង្វៀនទូរទស្សន៍ជាតិកម្ពុជា នាយប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។
បើទោះបីជាខកខានឡើងសង្វៀនគុនខ្មែរយូឆ្នាំ បន្ទាប់ពីជាប់ជម្រើសជាតិសកល ប៉ុន្តែកីឡាករអ៊ុង ភារៈ នៅរក្សាក្បាច់គុនខ្មែរបានល្អដដែល ពោលគឺទាំងស្នៀតដៃ ជើង ជង្គង់គឺនៅល្អ ពិសេសកណ្តាប់ដៃរបស់គេធ្ងន់ ហើយច្បាស់ៗទៀត។ ការពិតលើសង្វៀនបង្ហាញថា អ៊ុង ភារៈ បានប្រើពេលតែ២ទឹកពេញតាមរយៈការដើរចូលវ៉ៃ ឆកកណ្តាប់ដៃលើពោះរបស់ដៃគូបណ្តាលអោយដៃគួរបស់គេ ចុះចាញ់ត្រឹមទឹកទី២ តែម្តង។
នេះជាលើកទី១ដែលអ៊ុង ភារៈ បានឡើងប្រកួតគុនខ្មែរ បន្ទាប់ពីបានបាត់មុខពីសង្វៀនប្រដាល់គុនខ្មែរអស់រយៈពេលប្រហែលជា៤ឆ្នាំហើយ។ ខណៈកីឡាករចាស់វស្សាមួយចំនួនទទួលបានឱកាសឡើងសង្វៀនវិញមានដូចជា ឡុង សុភី ឡុង សុវណ្ណឌឿន និង ម៉ឺន សុភា ជាដើម បន្ទាប់ពីកីឡាករជួរមុខមួយចំនួនជាប់ភារកិច្ចក្នុងក្រុមជម្រើសជាតិទាំងគុនខ្មែរ ឃីកបុកស៊ីង និងសកល ហើយក៏ជាពេលវេលាដែលពួកគេចាប់ផ្តើមអាជីពសាថ្មីដើម្បីទទួលបានប្រាក់ចំណូល៕