ឆាប់ៗនេះ!ខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ងត៍អាចផលិតស៊ីម៉ងត៍បាន២លានតោនក្នុងមួយឆ្នាំ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆាប់ៗខាងមុខនេះខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ ហើយខេត្តកំពង់ស្ពឺនឹងក្លាយជាខេត្តមួយដែលផ្គត់ផ្គង់ស៊ីម៉ង់ត៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស។ រោងចក្រស៊ីម៉ង់ត៍ដែលគ្រោងបង្កើតក្នុងខេត្តកំពង់ស្ពឺនឹងមានសមត្ថភាពផលិតបានប្រមាណ២លានតោនក្នុងមួយឆ្នាំ។

នាពេលឆាប់ៗខាងមុននេះ ខេត្តកំពង់ស្ពឺនឹងមានឧស្សាហកម្មធុនធ្ងន់ នោះគឺរោងចក្រផលិតស៊ីម៉ង់ត៍ ដែលនឹងធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាខេត្តមួយផ្គត់ផ្គង់ស៊ីម៉ង់ត៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស។ នេះបើតាមការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជាង១,៨០០០នាក់ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោអះអាងថា រោងចក្រស៊ីម៉ង់ត៍ដែលគ្រោងបង្កើតក្នុងខេត្តកំពង់ស្ពឺនេះនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ប្រមាណ២លានតោនក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់អ្នកវិនិយោគដែលបានប្រាប់សម្ដេច ហើយប្រមុខរាជរដ្ឋាភិបាលថា សព្វថ្ងៃកម្ពុជាអាចផលិតស៊ីម៉ង់ត៍សម្រាប់ប្រើប្រាស់ដោយខ្លួនឯងបានប្រមាណ៩លានតោន ប៉ុន្តែតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍នៅកម្ពុជាកាន់តែមានការកើនឡើង សម្រាប់បម្រើឱ្យការសាងសង់អគារ ផ្ទះសម្បែង បូករួមនឹងការស្ថាបនាផ្លូវថ្នល់ជាដើម។

សម្ដេចតេជោ ហ៊ុន សែន

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ និងមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណជិត៩លានតោនក្នុងមួយឆ្នាំ។ ទាំង៥រោងចក្ររួមមាន៖ ទី១.ក្រុមហ៊ុនកំពតស៊ីមិនខូអិលធីឌី ផលិតស៊ីម៉ង់ត៍បាន២,៤តោនក្នុងមួយឆ្នាំ។ ទី២. ក្រុមហ៊ុនចក្រីទីងផលិតបាន១,៣លានតោនក្នុងមួយឆ្នាំ។ ទី៣. ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមិន ខបភើរេសិនផលិតបាន២លានតោនក្នុងមួយឆ្នាំ។ ទី៤. ក្រុមហ៊ុនថៃប៊ុនរ៉ុងផលិតបាន១លានតោនក្នុងមួយឆ្នាំ និងទី៥. ក្រុមហ៊ុនបាត់ដំបងខញស៊ីមិនផលិតបាន២លានតោនក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងធនធានរ៉ែ និងថាមពលនាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds