រដ្ឋមន្រ្តីការងារ៖ភ្នំពេញមានរោងចក្រសហគ្រាសជាង៩ពាន់កន្លែង
រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ រាជធានីភ្នំពេញមានរោងចក្រ-សហគ្រាសសរុបប្រមាណជាង៩ពាន់រោងចក្រ-សហគ្រាស និងមានកម្មករនិយោជិតកំពុងបម្រើការងារប្រមាណ៦៦ម៉ឺននាក់។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ រាជធានីភ្នំពេញមានរោងចក្រ-សហគ្រាសសរុបចំនួន៩,៣១៤រោងចក្រ ក្នុងនោះមានកម្មករនិយោជិតប្រមាណ៦៦ម៉ឺននាក់ និងមានប្រាក់ឈ្នួលជាមធ្យមប្រមាណ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ការថ្លែងបញ្ជាក់របស់លោករដ្ឋមន្រ្តីការងារ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនិងកម្មករ-កម្មការិនីរោងចក្រជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅតំបន់ព្រៃស្ពឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តីក្រសួងការងារក៏បានបញ្ជាក់ថា ក្នុងចំណោមរោងចក្រសហគ្រាសសរុបប្រមាណជាង៩ពាន់រោងចក្រក្នុងរាជធានីភ្នំពេញ រួមមាន៖ រោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរចំនួន៧២៧រោងចក្រ មានកម្មករនិយោជិតបម្រើការងារ៣៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបជាមធ្យមប្រមាណ១,១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោករដ្ឋមន្រ្តីអះអាងថា រាជធានីភ្នំពេញគឺជាប៉ូលសេដ្ឋកិច្ចទី១ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ-សហគ្រាសច្រើនជាងគេនៅកម្ពុជា។
លោក អ៊ិត សំហេង គូសបញ្ជាក់ថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាការងារខ្ពស់ប្រមាណ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណ១០,៨លាននាក់។ លោកថា បច្ចុប្បន្នសហគ្រាសសេដ្ឋិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ១៧,២៥៦សហគ្រាស និងមានកម្មករនិយោជិតសរុប១លាន៥សែននាក់។
លោករដ្ឋមន្រ្តីការងារបានរម្លឹកថា កាលពីអំឡុងឆ្នាំ១៩៩៧ កម្ពុជាមានសហគ្រាសរោងចក្រក្នុងវិស័យកាត់ដេរត្រឹមតែ៦៤រោងចក្រសហគ្រាស ខណៈកម្មករនិយោជិតមានត្រឹមតែ៨ម៉ឺននាក់ រីឯតម្លៃនៃការនាំចេញមានត្រឹម២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយឡែក ក្នុងឆ្នាំ២០២៣នេះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរបានកើនឡើងដល់ទៅ១,៣២៦រោងចក្រ-សហគ្រាស មានកម្មករនិយោជិត៨៤ម៉ឺននាក់ ហើយតម្លៃនៃការនាំចេញមានដល់ទៅប្រមាណ១៣ពាន់លានដុល្លារអាមេរិក ដោយតម្លៃនៃការនាំចេញនេះគិតត្រឹមឆ្នាំ២០២២៕