រដ្ឋបាលខេត្តព្រះសីហនុ៖ក្រុមអនាធិបតេយ្យចូលកាប់ទន្ទ្រានដីព្រៃជាច្រើនហិកតានៅតំបន់ក្បាលឆាយ
(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា នាពេលថ្មីៗនេះ មានក្រុមជនអនាធិបតេយ្យបានលបលួចចូលកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតតាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុចេញនៅថ្ងៃទី១៣មិថុនា។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មាននៃការចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ពីសំណាក់ក្រុមជនអនាធិបតេយ្យនេះ នៅថ្ងៃទី១១មិថុនា មន្រ្តីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ បានសហការជាមួយមន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម ចុះទៅអប់រំណែនាំឱ្យក្រុមទាំងនោះស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង។ ប៉ុន្តែ ក្រុមជនអនាធិបតេយ្យទាំងនោះ មិនត្រឹមតែមិនព្រមរុះរើតាមការណែនាំនោះទេ តែពួកគេថែមទាំងបន្តនាំគ្នីគ្នាសាងសង់ខ្ទមបន្ថែមជាបន្តបន្ទាប់ទៀត។
ដោយសារតែបែបនេះទើបនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីយកទីតាំងដែលក្រុមជនអនាធិបតេយ្យវាតទី និងកាប់ទន្រ្ទានមកទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។ ជាការកត់សម្គាល់ ក្រោយពីបានស្ដាប់ការពន្យល់អំពីទិដ្ឋភាពច្បាប់ពីក្រុមមន្រ្តីជំនាញរួច ក្រុមជនអនាធិបតេយ្យទាំងអស់បានយល់ព្រមរុះរើ និងធ្វើកិច្ចសន្យាចាកចេញដោយសន្តិវិធី ហើយជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានសម្របសម្រួលផ្ដល់មធ្យោបាយដឹកជញ្ជូនមនុស្ស និងសម្ភារៈចេញពីទីតាំងទៅកាន់មូលដ្ឋានដើមរៀងៗខ្លួនវិញ។
យោងតាមមាត្រា៦២ និងមាត្រា៥៦ ចំណុចទី៤នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ សកម្មភាពកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ គឺជាទង្វើខុសច្បាប់ ដែលត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល ហើយបើក្នុងករណីមិនរាងចាលត្រូវផ្ដន្ទាទោសទ្វេដង។ រដ្ឋបាលខេត្តព្រះសីហនុប្ដេជ្ញាថានឹងអនុវត្តវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយណាដែលព្យាយាមកាប់ទន្រ្ទានដីរដ្ឋ ដើម្បីនាំយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន៕