ដំណឹងល្អ!កម្ពុជាចម្រាញ់រ៉ែមាសបានជាង៦,៧តោនហើយនៅតំបន់អូរខ្វាវក្នុងខេត្តមណ្ឌលគិរី

កម្ពុជាបានចម្រាញ់រ៉ែមាសបានប្រមាណជាង៦,៧តោន តាមរយៈប្រតិបត្តិការអាជីវកម្មធនធានរ៉ែដោយក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL របស់ប្រទេសអូស្រ្ដាលី។ នេះបើតាមការបញ្ជាក់របស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

 

តំបន់អាជីវកម្មរ៉ែមាសអូរខ្វាវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំណាយពេលវេលាអស់ជិត ១៤ឆ្នាំ ក្នុងការសិក្សាស្វែងរុករករ៉ែ ការសិក្សាវាយតម្លៃសមិទ្ធភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ និងការសិក្សាវាយតម្លៃគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់បរិស្ថាន និងសង្គមនៃប្រតិបត្តិការអាជីវកម្មធនធានរ៉ែ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL របស់ប្រទេសអូស្រ្ដាលី។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)។

សូមបញ្ជាក់ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក ហើយត្រូវបានបញ្ចប់ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១។

បន្ទាប់ពីបានសម្ពោធដាក់ឱ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះជាផ្លូវការ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានចម្រាញ់មាសដែលមានគុណភាព ៩០% បានចំនួនសរុប ៦.៧២៧,៧០ (ប្រាំមួយពាន់​ ប្រាំពីររយម្ភៃប្រាំពីរក្បៀសចិតសិប)​ គីឡូក្រាម។ សមិទ្ធផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds