ទីក្រុងមួយចំនួនរបស់ចិនរងការជន់លិចដោយសារ​ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគនិរតីប្រទេស

(ចិន)៖​​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ឈប់ឈរ​បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ភាគ​និរតី​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ (៩ មិថុនា​)​នេះ ដោយ​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅក្នុង​ទីក្រុង​នានា ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ផ្លូវថ្នល់ និង​អគារ​មួយចំនួន​ត្រូវ​ទឹក​ជន់​លិច​។​ ​ការធ្លាក់​ភ្លៀង​ដំបូង​ដ៏​ខ្លាំងក្លា​នៃ​ភ្លៀង​រដូវក្ដៅ​ដែល​ត្រូវបាន​គេ​ស្គាល់​ក្នុងស្រុក​ថា​ជា “​ទឹក​នាគ​” បាន​ធ្លាក់​ក្នុង​ទីក្រុង​ប៉ី​ហៃ​ក្នុង​ខេត្ត​ក្វាង​ស៊ី ដោយ​ភ្លៀង​មាន​ទំហំ ៤៥៣ មិល្លីម៉ែត្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នោះ​គឺជា​កំណត់ត្រា​ប្រចាំថ្ងៃ​ក្នុង​តំបន់​សម្រាប់​ខែមិថុនា នេះ​បើ​យោងតាម​រដ្ឋបាល​ឧតុនិយម​ចិន​។​

​ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា ទីក្រុង Yulin ក្បែរ​នោះ​មាន​ភ្លៀង​ធ្លាក់​រយៈពេល ៣៥ ម៉ោង គិត​ត្រឹម​ម៉ោង ៧ព្រឹក ម៉ោង​ក្នុងស្រុក នៅ​ថ្ងៃ​សុក្រ​នេះ​។ ការិយាល័យ​អាកាសធាតុ​បាន​រាយការណ៍​ថា ភ្លៀង​ត្រូវបាន​ព្យាករណ៍​ថា​នឹង​បន្ត​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខណៈដែល​ភាគ​ឦសាន​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​ទទួលរង​ការវាយប្រហារ​ដោយ​ព្យុះ​ផ្គរ​រន្ទះ​ភ្លាមៗ​ផងដែរ​។​

​ខេត្ត​ហឺ​ណាន ភាគ​កណ្តាល​នៃ​ប្រទេស​ចិន នាពេល​ថ្មីៗ​នេះ ត្រូវបាន​វាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បណ្តាលឱ្យ​ដំណាំ​ដុះ​ពន្លក​ឆាប់រហ័ស​ពេក ឬ​រង​ការវាយប្រហារ​ដោយ​ជំងឺ​បំផ្លាញ​ផ្សេងៗ ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ស្បៀង​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds