ស្ងាត់ៗព្រះនាងតូចJennaចុះកុងត្រាជាតារាK-POP
ទូរទស្សន៍កូរ៉េឈ្មោះ YTN Global Korean កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយដោយស្រង់សម្ដីព្រះនាងតូចនរោត្ដម Jenna ថាព្រះនាងបានចុះកុងត្រាជាមួយភ្នាក់ងារ K-POP ប្រចាំនៅកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិកូរ៉េ ដើម្បីចាប់ផ្ដើមសម្ដែងលើឆាកតន្ដ្រីកូរ៉េជាផ្លូវការ។
ព្រះនាងតូច Jenna ដែលគេស្គាល់ច្បាស់ថាជាតារាចម្រៀង និងសម្ដែងស្រីវ័យក្មេងរបស់ខ្មែរក្នុងសែរាជ្យវង្សតែម្នាក់គត់ បានចូលចិត្ដវិស័យចម្រៀងយ៉ាងខ្លាំង ហើយចង់ក្លាយជាតារា K-POP។ ព្រះនាង ត្រូវបានគេស្រង់សម្ដីថា៖ “ខ្ញុំបាន ហាត់ K-POP តែម្នាក់ឯង និងបង្កើតវីដេអូច្រៀងឡើងវិញតាំងពីឆ្នាំមុន ខ្ញុំបានចាប់ផ្ដើមធ្វើការជាមួយក្រុមហ៊ុនកម្សាន្ដកូរ៉េមួយនៅកម្ពុជា”។
ក្រៅពីច្រៀងឡើងវិញនូវបទ K-POP ដែលមានស្រាប់ ព្រះនាងក៏បានចេញបទចម្រៀងបែបK-POP ថ្មីៗ ដើម្បីដាក់នៅលើបណ្ដាញសង្គមដែរ។ តាមរយៈកុងត្រាជាមួយក្រុមហ៊ុនកូរ៉េនៅពេលនេះ ព្រះនាងថា វាបានធ្វើឲ្យព្រះនាងយល់ពីវិស័យK-POP កាន់តែច្បាស់ ហើយបានជំរុញទឹកចិត្ដព្រះនាងឲ្យកាន់តែស្រឡាញ់ និងចង់ធ្វើការក្នុងវិស័យK-POP មួយកម្រិតទៀត។
បើតាមប្រភពដដែល ព្រះនាងតូច Jenna នឹងចាប់ផ្ដើមធ្វើការងារពេញលេញក្នុងវិស័យK-POP នៅប្រទេសកូរ៉េ ដោយអះអាងថាព្រះនាងបានក្លាយជាអ្នកផ្សព្វផ្សាយ ឬពាំនាំសិល្បៈវប្បធម៌ នៃប្រទេសទាំងពីរទៅកាន់មហាជនទៀតផង។ ព្រះនាងរំពឹងថា ក្រុមការងារដែលព្រះនាងចុះកុងត្រាជាមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការផ្សព្វផ្សាយពីវប្បធម៌ និងសិល្បៈរបស់ប្រទេសក្នុងនាមជាតារាចម្រៀងK-POP៕