ចិនបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់យន្តហោះទម្លាក់គ្រាប់ H-6J
ចិនបានបង្ហាញ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រដ៏ទំនើប H-6J ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ នៅក្នុងការវាយប្រហារទម្លាក់គ្រាប់ទៅលើគោលដៅនានារបស់សត្រូវ។ យន្តហោះខាងលើនេះ អាចបំពាក់អាវុធប្រឆាំងនឹងនាវាចម្បាំង និងនាវាផ្ទុកយន្តហោះដ៏មានប្រសិទ្ធភាពបំផុត ហើយរដ្ឋាភិបាលចិននឹងអនុញ្ញាតឲ្យកម្លាំងទ័ពជើងទឹកចិន ប្រើប្រាស់ នាពេលអនាគត។
យន្តហោះទម្លាក់គ្រាប់ខាងលើ បានអភិវឌ្ឍ ចេញពីយន្តហោះរបស់កម្លាំងទាហានជើងទឹក H-6 ដែលកំពុងតែប្រើប្រាស់នៅនៅក្នុងជួរកងទ័ពអាកាសចិន។ រីឯអាវុធដ៏សំខាន់ ដែលបំពាក់នៅលើយន្តហោះ H-6J នេះ រួមមាន កាំជ្រួចមានល្បឿនលឿន ប្រភេទ YJ-12 មានសមត្ថភាពប្រឆាំងនឹងនាវាចម្បាំង ហើយវាអាចបាញ់ ក្នុងរយៈចម្ងាយ រហូតដល់ទៅ៤០០គីឡូម៉ែត្រ និងមីស៊ីលប្រឆាំងនាវា ប្រភេទ YJ-83K អាចបាញ់បានចម្ងាយ ចន្លោះពី១៨០-២២០គីឡូម៉ែត្រ ។
រយៈពេលចុងក្រោយនេះ ចិនបានបង្កើនសមត្ថភាពសព្វាវុធកាន់តែខ្លាំងឡើង សម្រាប់កម្លាំងទាហានជើងទឹកប្រើប្រាស់។ បន្ថែមលើសពីនេះ ចិនបានបន្ដអភិវឌ្ឍមីស៊ីលដ៏ទំនើប ប្រភេទ PHL-03 សម្រាប់កងទ័ពរបស់ខ្លួន ហើយមីស៊ីលប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាមីស៊ីលប្រកបដោយគ្រោះថ្នាក់បំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។
មីស៊ីល PHL-03 ផលិតឡើងតាមបច្ចេកវិទ្យារបស់ចិនផ្ទាល់ ដោយកែប្រែ និងអភិវឌ្ឍ ចេញពីមីស៊ីល BM-30 Smerch ដែលផលិតដោយអតីតសហភាពសូវៀត។ មីស៊ីលខាងលើនេះ បានផលិតឡើង ដោយក្រុមហ៊ុន NORINCO ហើយរដ្ឋាភបាលចិនបានអនុញ្ញាឲ្យកងទ័ពចិនប្រើប្រាស់ នៅក្នុងអំឡុងឆ្នាំ២០០៤ និង២០០៥។ រហូតមកទល់នឹងពេលនេះ មីស៊ីល PHL-03 នេះត្រូវគេចាត់ទុកថា ជាមីស៊ីលប្រកបដោយគ្រោះថ្នាក់បំផុត នៅលើពិភពលោក៕