ប្រុងប្រយ័ត្នផង! មេឃក្ដៅពេក ទុក Power Bank ចោលក្នុងកាបូប ផ្ទុះឆេះខ្ទេច សំណាងល្អមនុស្សនៅផ្ទះ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមថៃ ក្រោយមានករណី Power Bank ផ្ទុះ ដោយសារតែទុកចោលក្នុងកាបូបទុកពីរថ្ងៃ ដោយសង្ស័យថាអាចមកពីអាកាសធាតុក្ដៅពេក ហើយភ្លេចយកវាចេញក្រៅកាបូប។
នារីម្នាក់ដែលជាម្ចាស់ Power Bank បានរៀបរាប់ហេតុការណ៍ឱ្យដឹងថា៖ «យប់មិញកំពុងអង្គុយលេងខាងក្រោមជាមួយគ្រួសារ រហូតដល់ម៉ោងប្រហែលជិត ៩ យប់ទើបឡើងទៅបន្ទប់។ លុះពេលឡើងជណ្ដើរបានពាក់កណ្ដាលស្រាប់តែធំក្លិនឈ្ងៀមដូចគេដុតអ្វីម្យ៉ាងខ្លោច ក៏ប្រញាប់ប្រញាល់ស្វែងរកប្រភព និង បានឃើញផ្សែងហុយចេញពីបន្ទប់គេង»។
«រឿងដំបូងដែលនាងធ្វើមុនគេ គឺស្រែកឱ្យឪពុកខ្ញុំផ្ដាច់ចរន្ដមេជាមុនសិន ព្រោះមិនដឹងមូលហេតុអ្វីខ្លាចមានករណីឆ្លងអគ្គិសនី។ ដោយបិទភ្លើង ហើយពួកយើងក៏បើកពិលទូរស័ព្ទដៃ ដើម្បីស្វែងរកប្រភព ដោយពិនិត្យមើលឧបករណ៍អគ្គិសនីផ្សេងៗគឺមិនត្រូវបានដោតឌុយអ្វីទេ។ តែរហូតដល់ពេលមើលលើតុ ដែលដាក់ទុក Power Bank ក្នុងកាបូប ស្រាប់តែឃើញកាបូបនោះឆេះអស់សល់ប៉ុនបាតដៃ ហើយឆេះខ្លោចដល់ទាំងតុទៀត»។
«បញ្ជាក់ណា ខ្ញុំមិនបានសាកថ្ម Power Bank នេះទេ គ្រាន់តែយកវាមកពីក្រៅហើយទុកវាលើតុចោល មិនបានយកចេញ។ ខ្ញុំគិតថាអាចមកពីអាកាសធាតុក្ដៅ ហើយយើងប្រើវាពេលថ្ងៃចំពេលមេឃក្ដៅ ដល់ពេលមកវិញដាក់វាហប់ក្នុងកាបូបមិនព្រមយកចេញ ទើបធ្វើឱ្យវាផ្ទុះឆេះឡើង ជាសំណាងដែលមិនបានសាកថ្មវា កុំអីមិនដឹងយ៉ាងម៉េចទេ។ តែសុំផ្ដាំឱ្យអ្នកគ្រប់គ្នាប្រយ័ត្នផង ជាពិសេសម៉ូដែល Power Bank ដែលខ្ញុំប្រើនេះ គឺវាកំពុងពេញនិយមលក់ខ្លាំងលើបណ្ដាញសង្គម (សុំមិនបញ្ចេញឈ្មោះ)»៕