ផ្ទុះការរិះគន់លើកីឡាករថៃជុំវិញការផ្ទុះអំពើហិង្សានិងឥរិយាបថមិនសមរម្យលើទីលាន
មហាជនបានផ្ទុះការរិះគន់ចំពោះកីឡាករថៃដែលបានប្រព្រឹត្តអំពើហិង្សា និងឥរិយាបថមិនគួរគប្បីមួយមួយចំនួននៅក្នុងអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម រវាងក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូនេស៊ី និងក្រុមជម្រើសជាតិថៃ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ នៅក្រោយបញ្ចប់ការប្រកួតវិញ្ញាសាបាល់ទាត់ដដែល ស្រាប់តែមានកីឡាករថៃម្នាក់ឈ្មោះ JONATHAN បានបង្ហាញកាយវិការមិនសមរម្យដោយរូបគេបានគប់ចោលមេដាយ និងតុក្កតាទៅខាងក្រៅទីលានប្រកួត បន្ទាប់ពីក្រុមជម្រើសជាតិថៃបានប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងលទ្ធផល៥គ្រាប់ទល់នឹង២គ្រាប់។
ជុំវិញករណីនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ឧសភាថា៖ កីឡាករថៃមិនគួរធ្វើបែបនេះទេ គួរឱ្យតម្លៃខ្លួននិងតម្លៃគូប្រកួត។ លោកថា បុគ្គលណា ឬជាតិសាសន៍ណាប្រព្រឹត្តិមិនសមគួរ ជាបញ្ហារបស់គេ ដែលអាចមកពីអំនួត ឬភាំងស្មារតីមួយគ្រា រីឯកម្ពុជាដែលជាម្ចាស់ផ្ទះត្រូវតែប្រកាន់យកភាពនឹងធឹងឱ្យបាន។
ចំណែកឯ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ចេញមតិតាមរយៈសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ឧសភាថា ទង្វើរបស់កីឡាករបាល់ទាត់ថៃរូបនេះ គឺមិនមានចរិតជាកីឡាករ និងមើលងាយដល់ម្ចាស់ផ្ទះជាខ្លាំង។ លោកសង្កត់ធ្ងន់ថា មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះ គឺមានតម្លៃកិត្តិយសធំធេងណាស់ មិនមែនគ្រប់មនុស្សចេះតែទទួលបានទេ គឺប្រគល់ដល់តែចំពោះអ្នកបានសាងស្នាដៃក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះ។ ជាពិសេសលោកក៏បានសំណូមពរដល់សហព័ន្ធបាល់ទាត់ថៃ គួរតែអប់រំចំពោះកីឡាករបាល់ទាត់ឈ្មោះJONATHAN នេះផងដែរ។
គួរជម្រាបថា ទង្វើរបស់ក្រុមកីឡាករថៃ ជាពិសេសកីឡាករថៃឈ្មោះ JONATHAN នេះត្រូវបានមហាជនខ្មែរផ្ទុះការរិះគន់យ៉ាងធ្ងន់ៗ និងបានចាត់ទុកទង្វើរបស់កីឡាករថៃរូបនេះថា ជាទង្វើមិនឱ្យតម្លៃដល់កម្ពុជាដែលម្ចាស់ផ្ទះឡើយ។ យ៉ាងណាមិញ ក៏មានមហាជនខ្លះបានលើកឡើងថា ករណីនេះជាកំហុសអសីលធម៌របស់បុគ្គលម្នាក់ប៉ុណ្ណោះ និងស្នើឱ្យអ្នកដែលបញ្ចេញមតិមិនគួររិះគន់ដោយផ្ដោតទៅលើជាតិសាសន៍របស់គេទាំងមូលនោះឡើយ ប៉ុន្តែស្នើឱ្យខាងសហព័ន្ធកីឡាបាល់ទាត់ថៃគួរតែដាក់វិធានការអប់រំចំពោះកីឡាកររបស់ខ្លួនដែលប្រព្រឹត្តទង្វើមិនសមរម្យនេះ ដោយឱ្យកីឡាកររូបនេះចេញមុខសុំទោសជាសាធារណៈ៕