អភិបាលខេត្តកែប៖ធនាគារក្ដាមសេះជួយកាត់បន្ថយការនេសាទក្ដាមពីធម្មជាតិនិងរក្សាលំនឹងទីផ្សារ
អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ ក្នុងសន្និសីទស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក”របស់រដ្ឋបាលខេត្តកែបក្នុងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងថា ធនាគារក្ដាមសេះបានជួយកាត់បន្ថយការចាប់ ឬនេសាទក្ដាមសេះពីធម្មជាតិ តាមរយៈការទិញក្ដាមពងដែលមានពងនៅខាងក្រៅសន្ទះទ្រូងយកទៅព្រលែងនៅក្នុងបែ ឬកាឆាំង ដើម្បីឱ្យក្ដាមសេះដែលមានពងទាំងនោះមានឱកាសជម្រុះពង។
ក្រៅពីជួយកាត់បន្ថយការចាប់ក្ដាមពីធម្មជាតិ លោកអភិបាលខេត្តកែបបញ្ជាក់ថា ធនាគារក្ដាមសេះក៏ជួយផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងជួយរក្សាលំនឹងទីផ្សារកុំឱ្យតម្លៃទំនិញ ឬតម្លៃក្ដាមសេះនៅលើទីផ្សារឡើងថ្លៃខ្លាំងពេកផងដែរ។
លោក សោម ពិសិដ្ឋ បានឱ្យដឹងទៀតថា ចំពោះគោលការណ៍ធនាគារក្ដាមសេះដែលបានអនុវត្តនាពេលកន្លងមក គឺមានយន្តការ និងថវិកាពីអង្គការដៃគូក្នុងការទិញក្ដាមពងដែលមានពងក្រៅសន្ទះទ្រូង ហើយយកទៅដាក់ក្នុងបែ ដើម្បីឱ្យក្ដាមសេះទាំងនោះជម្រុះពង ទើបយកក្ដាមពងនោះទៅលក់ ឬធ្វើម្ហូប។
លោកបន្ថែមថា ធនាគារក្ដាមសេះបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការថយចុះនៃបរិមាណ ឬចំនួនក្ដាមសេះក្នុងធម្មជាតិ ហើយការថយចុះនេះ បណ្ដាលមកពីកត្តាមួយចំនួនដូចជា៖ ការប្រែប្រួលអាកាសធាតុ និងកត្តាមនុស្សតាមរយៈការនេសាទដោយប្រើប្រាស់មងនេសាទក្រឡាញឹកពេកជាដើម។ ប្រការនេះ លោកអភិបាលខេត្តកែបបានប្រកាសអំពាវនាវ និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសកសិករខិតខំពង្រីកលើផ្នែកវារីវប្បកម្មបន្ថែមទៀត ដើម្បីសម្ដៅរក្សាលំនឹងទីផ្សារ និងជួយបង្កើនធនធានធម្មជាតិតាមតម្រូវការទីផ្សារក្នុងស្រុក៕