ចាប់ខ្លួនមនុស្ស៤នាក់និងរឹបអូសសារធាតុញៀនជិត៨០គីឡូក្រាមនៅស្រុកត្រាំកក់ ខេត្តតាកែវ

(ខេត្តតាកែវ)៖ សមត្ថកិច្ច​នៃមន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន (ក៤) ក្រោមកិច្ច​សហការ​ជាមួយនឹង​កម្លាំង​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ និង​ស្នងការនគរបាល​រាជធានី​ភ្នំពេញ ដោយដឹកនាំ​សម្របសម្រួល​ដោយ​លោក​ឯក ឆេងហួត ព្រះរាជ​អាជ្ញា​ខេត្ត​តាកែវ​បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិតាសូ ឃុំ​ឧត្តមសូរិយា ស្រុក​ត្រាំកក់ ដោយបាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៤ នាក់ និង​រឹបអូស​ថ្នាំ​ញៀន ព្រមទាំង​សារធាតុ​គីមីផ្សំ​ជិត ៨០ គីឡូក្រាម។ នេះបើយោងតាម​នគរបាល​ជាតិ​នាថ្ងៃ​ទី១២ ខែឧសភា​នេះ។

ជន​សង្ស័យ​ជាបុរស​ជន​ជាតិ​ខ្មែរ​ទាំង ៤ នាក់​នោះរួម​មាន ទី១.ឈ្មោះ ទួន សាស្រា្ត អាយុ ២៩ ឆ្នាំ ទី២.ឈ្មោះ ហ្វាង យ៉ាងណាម អាយុ​ ៤៤ ឆ្នាំ ទី៣.ឈ្មោះ ចាន់ វាសនា អាយុ ៣៧ ឆ្នាំ និងទី៤.ឈ្មោះ ផាន វណ្ណារ៉ា អាយុ ៤៤ ឆ្នាំ។


វត្ថុតាង​ដែលត្រូវ​បាន​រកឃើញ​និង​រឹបអូស​រួមមាន ៖ គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​ទម្ងន់ ១១៨.៦៤ ក្រាម សារធាតុ​គីមី​ផ្សំ (មិនច្បាស់)ទម្ងន់ ៧៩ គីឡូ ១៧៦ ក្រាម និង​រថយន្ត​ ១ គ្រឿង។ បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី។

ការបង្រ្កាប​នេះ​គឺអនុវត្ត​តាម​បញ្ជា​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងលោក​ ម៉ក់ ជីតូ អគ្គ​ស្នងការរង​ទទួល​ផែនការប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ក្រោមការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​លោក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន។ នេះបើយោងតាម​ប្រភពដដែល​នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds