កម្ពុជាបញ្ជូនកងទ័ពមួកខៀវ២៤៤នាក់និងសុនខហិតមីន២ក្បាលទៅបំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាល

នៅអធ្រាត្រម៉ោង១យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានបន្តបញ្ជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ចំនួន២៤៤នាក់(ស្ត្រី៣០នាក់) និងសុនខហិតមីនចំនួន២ក្បាល ដែលជាកម្លាំងប្តូរវេន ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងលោក សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដល់ជើងយន្តហោះរបស់អង្គការសហប្រជាជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវកម្ពុជា ជិត៩ពាន់នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ ដែលសម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ។

លោក សែម សុវណ្ណនី បានឱ្យដឹងថា កងវិស្វកម្មលេខ៤២៣ ជាកងទី៩ ចេញទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនេះ មានចំនួនសរុប២៤៤នាក់ ដោយមាននារី៣០នាក់ ដែលមកពីបណ្តា៤០កងឯកភាពនៃកងយោធពលខេមរភូមិន្ទ។ កងកម្លាំង ដែលចេញបំពេញបេសកកមក្នុងឆ្នាំទី៩នេះ សុទ្ធតែបានទទួលការហ្វឹកហ្វឺនមុនចល័ត និងលើជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពពីគ្រូ បង្គោលកម្ពុជា និងពីបណ្តាប្រទេសជាមិត្ត ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលដូចបណ្តាកងមុនៗដែរ។

គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនកងកម្លាំងជិត៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ក្នុងប្រទេសចំនួន៩ មានដូចជា៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ កងកម្លាំងជិត៩ពាន់នាក់ដែលត្រូវចេញទៅបំពេញបេសកកម្មផ្ដោតលើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន៨៧៤នាក់(នារីចំនួន១៤១នាក់)កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds