សែន ច័ន្ទឬទ្ធីគុនជឿជាក់ឈ្នះ១០០%សម្រាប់ការប្រកួតនៅម៉ាឡេស៊ី!
កីឡាករប្រដាល់គុនខ្មែរ សែន ច័ន្ទឬទ្ធីគុន ដែលមានឈ្មោះដើម ធីអាហ្គូ តេយសឺរ៉ាម៉ាឆាជូ និងជាកីឡាករក្នុងក្លិបប្រដាល់គុនខ្មែរពិភពលោករបស់លោក ស្រី ចាន់ថន បានបង្ហាញជំនឿចិត្តរហូតដល់១០០ភាគរយ សម្រាប់ការប្រកួតប្រដាល់លក្ខណៈអន្តរជាតិនៅឯប្រទេសម៉ាឡេស៊ី Muaythai International Championship នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ជាក់ស្ដែង សែន ច័ន្ទឬទ្ធីគុន នឹងត្រូវតតាំងគ្នាជាមួយនឹងកីឡាករថៃដែងកៅសែង។
ថ្លែងផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កីឡាករគុនខ្មែរដែលទើបទទួលបានសញ្ជាតិខ្មែររូបនេះ បានបង្ហាញក្តីរីករាយជាខ្លាំង ក្នុងការចេញទៅប្រកួតអន្តរជាតិនៅប្រទេសម៉ាឡេស៊ីលើកនេះ។ សែន ច័ន្ទឬទ្ធីគុននិយាយថា ខ្លួនបានសិក្សាមើលបច្ចេកទេសប្រកួតរបស់ខ្លួន ដើម្បីស្វែងរកឱកាសដណ្តើមជ័យជម្នះសម្រាប់ជាតិខ្មែរ។
មិនតែប៉ុណ្ណោះ កីឡាករ សែន ច័ន្ទឬទ្ធីគុន ក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួននឹងប្រឹងប្រែងដណ្តើមជ័យជម្នះក្នុងការប្រកួតអន្តរជាតិមួយនេះឱ្យទាល់តែបាន ដើម្បីកិត្តិយសជាតិ និងបង្ហាញពីវិស័យកីឡាប្រដាល់គុនខ្មែរ ជាពិសេសគឺតំណាងឱ្យប្រជាជនខ្មែរជាង១៦លាននាក់ ដែលឈរនៅក្រោយខ្នងរបស់លោក។
គួរឱ្យដឹងថា ដំបូងឡើយ កីឡាករ សែន ច័ន្ធឬទ្ធីគុនត្រូវមានឈ្មោះចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីជាមួយនឹងកីឡាករលេងកែង ធឿន ធារ៉ា ប៉ុន្តែដោយសារធារ៉ាជួបបញ្ហារបួសដៃក្នុងការប្រកួតចុងក្រោយរបស់ខ្លួនជាមួយនឹងកីឡាករថៃក្រុងចក្រ ទើបត្រូវអាក់ខានមិនបានទៅប្រកួតវិញ។ ជាមួយគ្នានេះ កីឡាករទើបចូលសញ្ជាតិខ្មែរ សែន ច័ន្ធឬទ្ធី គុនបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងផងដែរចំពោះធឿន ធារ៉ា សម្រាប់ការអវត្តមានក្នុងការប្រកួតក្រៅប្រទេសលើកឡើងនេះ៕