ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថានឹងចុះចេញពីតំណែងបើកម្ពុជាឆ្លងមិនដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា បើការប្រកួតក្នុងGroupចែកពូលវិញ្ញាសាប្រកួតកីឡាបាល់ទាត់ផ្នែកបុរសអាយុ២២ឆ្នាំរបស់កម្ពុជាមិនអាចឆ្លងផុតឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ លោកនឹងលាលែងពីតំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាភ្លាមៗ។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមេប៉េអឹមលើផ្ទៃប្រទេស

តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកដដែល លោក សៅ សុខា បញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លោកបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។

ប្រធានសហព័ន្ធកីឡាបាល់ទាត់រូបនេះ គូសបញ្ជាក់ថា បើក្នុងករណីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកើតមិនអាចឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេនោះ គឺរូបលោកនឹងស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ក្នុងការបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ជាពិសេសក្នុងសំណេរ លោក សៅ សុខា ក៏បានសុំការអភ័យទោសពីប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ ដែលរូបលោកអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ

ការបង្ហោះខ្លឹមសារពោរពេញដោយទំនួលខុសត្រូវរបស់លោក សៅ សុខា ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ ធ្វើឡើងក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានប្រកួតស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនអាយុក្រោម២២ឆ្នាំ ក្នុងការប្រកួតសន្សំពិន្ទុពូលAដែលទទួលបានលទ្ធផល១ទល់នឹង១ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds