ក្រសួងកសិកម្មសហការជាមួយវិស័យឯកជនបង្កាត់ពូជគោសិប្បនិម្មិតលើកស្ទួយវិស័យកសិកម្ម

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ធ្វើឡើងក្រោមការសម្របសម្រួលរបស់ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅអគារសន្តិភាព នៃក្រសួងកសិកម្ម ។
ឯកឧត្តម ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងក្នុងពិធីចុះ MOU នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ថា ការចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ មានសារៈសំខាន់ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន ។
ឯកឧត្តមបញ្ជាក់ថា អង្គភាពនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលត្រូវធ្វើការសហការជាមួយក្រុមហ៊ុន រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ និងផ្នែកស្រាវជ្រាវ ខណៈនិស្សិតដែលបានបញ្ចប់ជំនាញបណ្តុះបណ្តាលកសិកម្មជិត៤០ឆ្នាំនេះ មានចំនួនប្រហែល១៥០០០នាក់ នៅទូទាំងប្រទេស ។
ករណីនេះ សាកលវិទ្យាល័យបានសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជនរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អ ដើម្បីធ្វើយ៉ាងណាអោយធនធានមនុស្សទាំងនោះកាន់តែមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចំរើន ។
ឧកញ៉ា ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) ដែលបានចូលរួមចុះ MOU មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពគ្នាជាមួយក្រសួងកសិកម្មនិងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយសារក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងច្ចេកទេសទំនើបៗ ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាមេរិក និងប្រទេសថៃជាដើម ។លោកបន្ថែមថា ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ០១ក្បាល អាចផលិតបាន៥០ក្បាលក្នុងមួយឆ្នាំ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open