មេប៉េអឹមថាបទល្មើសព្រៃឈើនៅតែបន្តកើតមានដោយសារតែមន្រ្តីនៅមូលដ្ឋានអសកម្ម

លោក សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានលើកឡើងថា ក្រុមជនល្មើសបានឆ្លៀតឱកាសកាប់បំផ្លាញព្រៃឈើនៅរដូវប្រាំងនេះដោយសារងាយស្រួលចេញចូលទៅក្នុងព្រៃ ខណៈកងកម្លាំងសមត្ថកិច្ចកំពុងមមាញឹកក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម រួមទាំងការបោះឆ្នោតដែលខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។ ការលើកឡើងបែបនេះរបស់លោក សៅ សុខា ធ្វើឡើងតាមរយៈសារសំឡេងចែកចាយលើបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២៦ ខែមេសានេះ។

លោក សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ជាមួយគ្នា លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសង្កត់ធ្ងន់ថា រឿងដ៏ធំដែលធ្វើឱ្យបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតឡើង គឺដោយសារមន្រ្តីនៅតាមមូលដ្ឋានអសកម្ម។ លោកបន្តថា បើមេព្រៃ និងចៅហ្វាយស្រុក ឬកម្លាំងប្រដាប់អាវុធនៅតាមមូលដ្ឋានចេះស្ដាប់បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយចូលរួមក្នុងការទប់ស្កាត់តាមរយៈការអប់រំប្រជាពលរដ្ឋ បូករួមទាំងវិធានការរដ្ឋបាលដោយការឃាត់ និងផាក គឺនឹងគ្មាននរណាចូលទៅប្រព្រឹត្តបទល្មើសនោះទេ។ ប៉ុន្តែលោកថា រឿងបទល្មើសនេះ ដោយសារខ្មោចស្រុក និងខ្មោចព្រៃត្រូវគ្នា។ ងាកទៅមន្រ្តីជំនាញវិញ លោកមេបញ្ជាការបង្ហើបថា គឺផ្ដេកសមផ្ដួល រមួលផ្សំក្រិចតែម្ដង។

សំឡេងលោក សៅ សុខា៖

គួរឱ្យដឹងថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតែប្រធានបទក្ដៅ និងមានការចាប់អារម្មណ៍ពីអ្នកការពារ និងស្រឡាញ់ធម្មជាតិ ដោយសារបទល្មើសព្រៃឈើនៅតែបន្តកើតមាន ទោះបីសមត្ថកិច្ចមានចំណាត់ការចុះបង្រ្កាបជាបន្តបន្ទាប់ក៏ដោយ។ កន្លងទៅអង្គការសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធព្រៃឈើតែងតែអំពាវនាវជារឿយៗដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរសមត្ថកិច្ចឱ្យដាក់ចេញវិធានការប្រសិទ្ធភាពក្នុងការបង្ក្រាបចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds