កម្ពុជានឹងមានផែទឹកជ្រៅជាង១៧ម៉ែត្រអាចឱ្យកប៉ាល់លើពិភពលោកចូលចតបាននៅឆ្នាំ២០២៩
(ខេត្តព្រះសីហនុ)៖ លោកលូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត ពោលនៅឆ្នាំ២០២៤នឹងមានការកែផែទំនិញរាយទៅជាផែកុងតឺន័រមួយចំណត ហើយនៅឆ្នាំ២០២៦នឹងធ្វើចំណតផែមួយដែលមានជម្រៅទឹកដល់១៤ម៉ែត្រកន្លះ ដែលនឹងអនុញ្ញាតឱ្យនាវាប្រមាណ៩៣ភាគរយចូលចតបាន ហើយនៅឆ្នាំ២០២៨នឹងធ្វើផែមួយទៀតដែលមានជម្រៅទឹកដល់១៦ម៉ែត្រកន្លះ ហើយក៏នឹងមានផែមួយទៀតដែលមានជម្រៅទឹកដល់១៧ម៉ែត្រកន្លះនៅឆ្នាំ២០២៩ ដើម្បីទទួលកប៉ាល់ដឹកទំនិញមកពីជុំវិញពិភពលោក។ លោកបានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាង៣០នាក់ ដែលអញ្ជើញមកពីស្ថាប័នសារព័ត៌មានចំនួន១៩ស្ថាប័ន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ទន្ទឹមនឹងការលើកឡើងខាងលើនេះដែរ លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុក៏បានលើកឡើងបន្ថែមទៀតថា ការអភិវឌ្ឍកំពង់ផែជាបន្តបន្ទាប់នេះគឺដើម្បីបង្កើននូវភាពប្រកួតប្រជែង ទាក់ទាញអ្នកវិនិយោគិន បង្កើតការងារដល់ពលរដ្ឋ និងជំរុញឱ្យថ្លៃដឹកជញ្ជូនមានការធ្លាក់ចុះបន្ថែមទៀត។
លោកលូ គឹមឈន់ បានសង្កត់ធ្ងន់ថា កំពង់ផែនេះ គឺជាកោសិកានិងជាធាតុមួយដែលរួមចំណែកនៅក្នុងសេដ្ឋកិច្ចជាតិ ហើយវាក៏ជាមោទនភាពមួយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលទទួលបានកំណើនបរិមាណកុងតឺន័រឆ្លងកាត់ជាមធ្យម១២,៨០ភាគរយក្នុងរយៈពេល៦ឆ្នាំ(២០១៦-២០២១) ពិសេសនៅឆ្នាំ២០១៩ បរិមាណកុងតឺន័រកើនឡើងដល់១៨ភាគរយ រួមទាំងកត្តាអំណោយផលផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់កំពង់ផែនាពេលអនាគត។ បន្ថែមលើនេះ លោកក៏បានប្តេជ្ញាផ្តល់ជូននូវគុណភាពសេវាកម្មឱ្យកាន់តែប្រសើរ ជាមួយតម្លៃសមស្រប ដែលផ្តោតសំខាន់លើគុណតម្លៃសម្រាប់អតិថិជន។
ជាងនេះទៅទៀត លោកលូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនកប៉ាល់ចំនួន១២ក្រុមហ៊ុន និងមានកប៉ាល់ពី១៦ទៅ១៨គ្រឿង ដែលបានចូលចំណតកំពង់ផែជាទៀងទាត់ ដោយនៅក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២)ទំនិញចេញចូលកំពង់ផែគឺបានកើនឡើងរហូតដល់១០,៣៧ភាគរយ ហើយកុងតឺន័រចេញចូលបានកើនឡើង១០,៥៥ភាគរយ។
លោកបានបន្តថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចូលទំនិញពីចិនមកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុតាមរយៈកុងតឺន័រមានចំនួនច្រើនជាងគេគឺរហូតដល់៦២ភាគរយ និងតិចជាងគេគឺសហគមន៍អឺរ៉ុបដែលមានត្រឹមតែ៣ភាគប៉ុណ្ណោះ។ ចំណែកការនាំចេញទំនិញតាមរយៈកុងតឺន័រវិញសហរដ្ឋអាមេរិកមានចំនួនច្រើនជាងគេរហូតដល់៣៤ភាគរយ ហើយប្រទេសជប៉ុនតិចជាងគេមានត្រឹមតែ ២ភាគរយប៉ុណ្ណោះ៕