ក្រសួងកសិកម្មណែនាំវិធានការមួយចំនួនដល់កសិករខណៈរដូវវស្សានិងកូនរដូវប្រាំងនឹងចូលមកដល់នាពេលខាងមុខ
តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩មេសាបង្ហាញថា រដូវវស្សានឹងចូលមកដល់យឺតនៅសប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។ ស្ថានភាពអាកាសធាតុបែបនេះ ក្រសួងកសិកម្មបញ្ជាក់ថា នឹងអាចបង្កផលប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្ម។
ដើម្បីចូលរួមចំណែកក្នុងការត្រៀមបង្ការ និងឆ្លើយតបផលប៉ះពាល់លើដំណាំកសិកម្ម ក្រសួងបានប្រកាសណែនាំដល់កសិករឱ្យត្រៀមបង្ការ និងឆ្លើយតបតាមរយៈការលើកទប់ និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្រ្គោះនៅពេលចាំបាច់។ ពាក់ព័ន្ធនឹងការដាំដុះស្រូវដើមរដូវវសង្សាដែលជាប្រភេទពូជស្រូវស្រាល ក្រសួងណែនាំឱ្យកសិករមិនគួរប្រថុយប្រថានដាំដុះដោយពឹងលើប្រភពទឹកតិចតួចឡើយ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត ប៉ុន្តែសម្រាប់តំបន់មានប្រភពទឹកគ្រប់គ្រាន់ ក្រសួងណែនាំឱ្យកសិករប្រញាប់ដាំដុះនៅចុងខែមេសានេះ ឬដើមខែឧសភាខាងមុខ ដើម្បីអាចប្រមូលផលស្រូវនៅចុងខែកក្កដា ឬខែសីហា។
ដោយឡែក សម្រាប់តំបន់ដាំដុះស្រូវអាស្រ័យលើទឹកភ្លៀង ក្រសួងប្រកាសណែនាំឱ្យកសិករគួររូតរះភ្ជួររាស់ដី ដើម្បីត្រៀមដាំដុះក្នុងខែមិថុនា ឬខែកក្កដា ដោយប្រើប្រាស់ប្រភេទពូជស្រូវកណ្ដាលប្រកាន់រដូវដូចជា៖ ពូជស្រូវផ្ការំដួល និងប្រភេទពូជស្រូវផ្សេងៗទៀត ដែលនឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា។
ចំណែកឯ កសិករដែលដាំដុះដំណាំបន្លែ ក្រសួងណែនាំឱ្យប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ប្រក់សំណាញ់ ដើម្បីទប់កម្ដៅ និងប្រើសារធាតុគម្របដីពីចំបើង ឬកាកសំណល់ដំណាំស្ងួត ឬគម្របប្លាស្ទិក ដើម្បីរក្សាសំណើមដីឱ្យបានយូរ។ រីឯកសិករដែលស្ថិតនៅតំបន់ឆ្ងាយពីប្រភពទឹក ដូចជា៖ ទន្លេ ស្ទឹង ឬអាងទឹកវិញ ក្រសួងណែនាំឱ្យកសិករត្រូវត្រៀមលក្ខណៈរក្សាទឹកទុកឱ្យបានច្រើននៅក្នុងត្រពាំង ឬអាងស្តុកទឹកនៅតាមគ្រួសារ ឬសហគមន៍ សម្រាប់ទុកស្រោចស្រពក្នុងពេលរាំងស្ងួត។
ជាមួយគ្នា ក្រសួងកសិកម្មក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានឱ្យសហការជាមួយអង្គភាពជំនាញ ដើម្បីចុះត្រួតពិនិត្យប្រភពទឹក វាយតម្លៃផ្ទៃដីដាំដុះដែលអាចមានលទ្ធភាពស្រោចស្រព និងសម្របសម្រួលបែងចែកការប្រើប្រាស់ទឹក ព្រមទាំងការផ្ដល់បច្ចេកទេសផលិតកម្មដំណាំតាមបែបទំនើបបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងករណីមានចម្ងល់ ឬបញ្ហាបន្ទាន់ណាមួយ ក្រសួងណែនាំឱ្យស្វែងរកអន្តរាគមន៍ពីមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្មពីររូប គឺលោក ម៉ាក់ សឿន(០១២ ៨២៦ ៦១៧)និងលោក ស៊ន វិចិត្រ(០១២ ២៦៣ ៥៩២)។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងកសិកម្មក៏បានបញ្ជាក់ពាក់ព័ន្ធអនុវិស័យជលផលផងដែរថា ធាតុអាកាសនៅចន្លោះខែមេសាដល់ខែមិថុនាមានសភាពក្ដៅខ្លាំង ជាហេតុធ្វើឱ្យទឹកក្នុងស្រះរាក់ ហើយត្រីក្នុងស្រះងាយងាប់ដោយសារពុលនិងខ្វះអុកស៊ីសែន ដែលទាមទារឱ្យមានការបញ្ចូលទឹកបន្ថែម ឬធ្វើទឹកក្នុងស្រះឱ្យមានចលនា ដើម្បីបង្កើនអុកស៊ីសែន។ ប្រការនេះ ក្រសួងបានណែនាំឱ្យតាមដានកម្ពស់ទឹក និងស្ថានភាពត្រីមេពូជនៅតាមកន្លែងអភិរក្សជលផល ព្រមទាំងត្រៀមប្រភពទឹកសម្រាប់បូមចូលក្នុងករណីរីងរាក់ខ្លាំង ឬមានត្រីពុលងាប់។ បើមានបញ្ហាទាំងនេះ ក្រសួងណែនាំឱ្យស្វែងរកអន្តរាគមន៍ពីនាយខណ្ឌរដ្ឋបាលជលផលនៅតាមបណ្ដារាជធានី-ខេត្តទាំង២៥។
លើសពីនេះ ក្រសួងកសិកម្មបានឱ្យដឹងទាក់ទងនឹងអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វថា ភាពរាំងស្ងួតអាចបណ្ដាលឱ្យសត្វខ្វះចំណី និងទឹក ហើយភាពធន់របស់សត្វទៅនឹងជំងឺក៏ថយចុះ ក្នុងនោះ ការឆ្លងជំងឺមានហានិភ័យខ្ពស់ ជាពិសេសសម្រាប់សត្វបក្សី។ ត្រង់ចំណុចនេះ ក្រសួងបានអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំសត្វឱ្យបានល្អដោយផ្ដល់ទីជម្រក ផ្ដល់ទឹកនិងចំណី និងចាក់វ៉ាក់សាំងដល់សត្វចិញ្ចឹមឱ្យបានគ្រប់គ្រាន់។ ក្នុងករណីមានបញ្ហាអំពីការថែទាំសុខភាពសត្វ និងសង្ស័យសត្វមានជំងឺ ក្រសួងណែនាំឱ្យកសិករទាក់ទងទៅកាន់ភ្នាក់ងារសេវាបសុពេទ្យនៅជិតបំផុត ឬទាក់ទងទៅលោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ(លេខទូរស័ព្ទ០១២ ៤៨៣ ៥៧៨)និងសុខភាពសាធារណៈបសុព្យាបាល ឬលោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដាន និងប្រយុទ្ធប្រឆាំងជំងឺសត្វ(លេខទូរស័ព្ទ០១២ ៥៥៥ ៦៨៩)៕