ភោជនីយដ្ឋាន១០កន្លែងទៀតក្នុងខេត្តពោធិ៍សាត់ប្រកាសមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃ សរុប១៩កន្លែង

(ខេត្តពោធិ៍សាត់)៖ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន១០កន្លែងទៀត ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រកាសប្ដេជ្ញាមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃជូនដល់ភ្ញៀវឡើយ ដើម្បីចូលរួមការពារ និងអភិរក្សសត្វព្រៃ នាំឱ្យចំនួនភោជនីយដ្ឋាន និងអាហារដ្ឋានដែលប្រកាសមិនម្ហូបធ្វើពីសាច់សត្វព្រៃនៅក្នុងខេត្តពោធិ៍សាត់សរុបកើនដល់១៩កន្លែងហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ លើកទី២ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ លើកទី២ ដែលបានរៀបចំធ្វើនៅទីរួមខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ មានភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន៩កន្លែងបានប្រកាសប្ដេជ្ញា មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃឡើយ។ គិត​មក​ទល់​ពេល​នេះ មាន​ភោជនីយដ្ឋាន និងអាហារដ្ឋាន​សរុប​ប្រមាណ​ជាង៦០​​កន្លែង​ហើយ ​ក្នុង​ខេត្ត​ចំនួន​៧ ដែល​ជាខេត្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យ បាន​ប្រកាស​ប្ដេជ្ញា​មិន​លក់​ម្ហូប​ដែល​ធ្វើ​ពី​សាច់​សត្វព្រៃ ដោយ​រាប់​ទាំង​ខេត្តពោធិ៍សាត់​ផងដែរ​។​

​គួរឱ្យដឹងថា ក្រសួង​បរិស្ថាន រួម​ជាមួយ​អង្គការ​ដៃគូ ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ​នឹង​បន្ត​ដឹកនាំ​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ ដែល​រួមមាន​យុទ្ធនាការ​តាម​ខេត្ត​ទៅកាន់​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀម​រាម បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។ យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ ដើម្បី​កាត់បន្ថយ និង​ទប់ស្កាត់​ចំនួន​អន្ទាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏ដូចជា​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តុះ​ស្មារតី​ស្រឡាញ់​សត្វព្រៃ​កាន់តែខ្លាំង​ឡើង​ក្នុង​ចំណោម​សាធារណជន​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds