ព្រលានយន្តហោះខេត្តសៀមរាបថ្មីនឹងត្រូវធ្វើតេស្តសាកល្បងនៅពាក់កណ្តាលខែក្រោយ

(ខេត្តសៀមរាប)៖ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៩២ភាគរយហើយ និងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភាខាងមុខនេះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ។

ដោយឡែក ពាក់ព័ន្ធនឹងដំណើការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន ៣៨សកម្មភាព ក្នុងចំណោមសកម្មភាពសរុបចំនួ៧៩នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាលលើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការតាមរយៈសជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការបានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាពដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។

ក្រោយព្រលានយន្តហោះថ្មីនេះដាក់ឱ្យដំណើរការជាផ្លូវការ រំពឹងថានឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនបន្ថែមទៀតចូលមកកម្ពុជា ជាពិសេសចូលមកកាន់ខេត្តសៀមរាប ដែលជាខេត្តពោរពេញទៅដោយសក្ដានុពលទេសចរណ៍មួយក្នុងចំណោមរាជធានី-ខេត្តដែលមានសក្ដានុពលលេចធ្លោលើវិស័យទេសចរណ៍។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុវត្តន៍ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង១ពាន់លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។ ជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds