សោកស្ដាយណាស់!កូនផ្សោតមួយក្បាលអាយុ៤ថ្ងៃបានងាប់ដោយសារជាប់មងនៅស្រុកព្រែកប្រសព

(ខេត្តក្រចេះ)៖ កូនផ្សោតឈ្មោលមួយក្បាល អាយុប្រមាណជា៤ថ្ងៃ បានស្លាប់ដោយសារជាប់មង វេលាម៉ោង១០៖៣០នាទី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ខណៈដែលនេះជាផ្សោតទី២ហើយ ដែលបានងាប់ក្នុងឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតដែលស្លាប់នេះមានទម្ងន់ ១០គីឡូក្រាម ប្រវែង ០.៨៧ម៉ែត្រ អាយុប្រមាណ៤ថ្ងៃ រលាកស្បែក ដាច់កន្ទុយ និងដាច់ព្រួយចំហៀងទាំងសងខាង។ តាមរយៈនៃការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះស្លាប់ដោយជាប់មង។

ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ ដៃគូពាក់ព័ន្ធ បាននឹងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ ដែលសត្វផ្សោតរស់នៅ ព្រមទាំងបានបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេមគង្គនេះ។ ជាលទ្ធផលការប្រើមង សន្ទូចរនង និងឧបករណ៍ឆក់មានការថយចុះប្រមាណពី៥០ ទៅ៦០%។ ទោះយ៉ាងនេះក្តី ការឆ្លៀតឱកាសប្រើមង សន្ទូចរនង និងការលួចប្រើឧបករណ៍ឆក់ បានកើតមានក្នុងកន្លែងមួយចំនួន ដែលជាហេតុនាំឱ្យសត្វផ្សោតស្លាប់។

ជាមួយគ្នា រដ្ឋបាលជលផល បានអំពាវនាវដោយទទូចជាថ្មីម្តងទៀតដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាពសត្វផ្សោត សម្រាប់ការទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូល និងសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ និងថែរក្សាបន្ត។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ មានសត្វផ្សោតមួយក្បាលទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ បានស្លាប់ដោយសារជាប់មងនេសាទ។ សត្វផ្សោតនេះបានស្លាប់នៅកន្លែងអភរិក្សសត្វផ្សោតកោះកូនសត្វ ស្ថិតក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds