រន្ទះបាញ់សម្លា..ប់មនុស្ស២នាក់និងគោ៥ក្បាលខណៈខ្យល់ព្យុះសម្លា..ប់មនុស្សម្នាក់ក្នុងថ្ងៃចូលឆ្នាំខ្មែរ៣ថ្ងៃ

មនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិត និងសត្វគោចំនួន៥ក្បាលបានងាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈមនុស្សម្នាក់ផ្សេងទៀតបានស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួស ដោយសារករណីខ្យល់ព្យុះ នៅអំឡុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក​ សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ។

ក្រៅពីអ្នកស្លាប់ និងរបួសដោយសាររន្ទះបាញ់ និងខ្យល់ព្យុះ ករណីខ្យល់កន្រ្តាក់ក៏បានធ្វើឱ្យដួលរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរប្រមាណជាង២០០ខ្នង និងរបើកដំបូល ក៏ដូចជាបង្កការខូចខាតមធ្យមជិត៣០០ខ្នង ព្រមទាំងរបើកដំបូលសាលារៀនចំនួន១៥កន្លែង។ លើសពីនេះ ខ្យល់កន្រ្តាក់ក៏បានបង្កឱ្យលិចទូកនៅសមុទ្រចំនួន៥ផងដែរ។

ក្នុងអំឡុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ នៅតាមបណ្ដារាជធានី-ខេត្តសររុប២៥សុទ្ធសឹងតែមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក៏ដូចជាព្យុះជាដើម គឺលើកលែងតែខេត្តកែបមួយប៉ុណ្ណោះ ដែលមិនមានករណីខ្យល់កន្រ្តាក់ ឬបាតុភូតគ្រោះធម្មជាតិផ្សេងៗឡើយ។

យ៉ាងណាក៏ដោយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមបន្តទៀត ដោយសារកម្ពុជានៅទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ នេះបើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១៨ ខែមេសានេះ។ ក្រសួងបញ្ជាក់ថា មិនត្រឹមតែមានភ្លៀងធ្លាក់នោះទេ គឺថែមទាំងមានលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ ដែលប្រការនេះ ក្រសួងបានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds