ក្រោយមហាជនរិះគន់ធ្ងន់ៗលើអាជ្ញាកណ្ដាល ពេលនេះសហព័ន្ធប្រដាល់គុនខ្មែរថានឹងពង្រឹងចំណុចមួយចំនួនឡើងវិញ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជាក់ថា នឹងពិនិត្យ និងពង្រឹងចំណុចមួយចំនួនឡើងវិញ បន្ទាប់ពីមហាជន និងអ្នកគាំទ្រគុនខ្មែរជាច្រើនបានរិះគន់ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នៅឯខេត្តសៀមរាប ពោលគឺគូប្រកួតមិត្តភាពរវាងកីឡាករលេងកែង លឿង ល្វៃ និងកីឡាករថៃ សាមី បេនចាមេក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរថា នឹងពង្រឹងលើបទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាប។ មិនតែប៉ុណ្ណោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្ដេជ្ញាថានឹងពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្ដាល ព្រមទាំងចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត និងប្ដេជ្ញាគ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមនាពេលឆាប់ៗខាងមុខនេះ។ ការបញ្ជាក់អំពីការពិនិត្យ និងពង្រឹងលើចំណុចមួយចំនួននេះ ធ្វើឡើងក្រោយពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំកិច្ចប្រជុំពិសេសមួយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds