ទេសចរជាង៤លាននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេសនៅថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី២

នាថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ៤,២៣៧,៧៨០នាក់ ក្នុងនោះភ្ញៀវជាតិ៤,២១៩,០២១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៧៥៩នាក់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

ទិដ្ឋភាពការកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ រាជធានីភ្នំពេញ

យ៉ាងណាមិញ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗមានដូចជា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួន ៦៥៣,៦៧៩នាក់, ខេត្តកំពង់ចាម ៥១៥,១២៩នាក់, ខេត្តកំពត ៤០៤,០៥៨នាក់, ខេត្តបាត់ដំបង ៤០០,២៧៣នាក់, រាជធានីភ្នំពេញ ៣២៦,៣២៧នាក់, ខេត្តស្វាយរៀង ២៧៨,២០៦នាក់, ខេត្តកំពង់ឆ្នាំង ២៣៩,៥៩០នាក់, ខេត្តបន្ទាយមានជ័យ ២២០,៥៧៧នាក់ និងខេត្តកំពង់ស្ពឺ ២០២,១៦២នាក់។

ទិដ្ឋភាពការលេងកម្សាន្តនៅមុខសាលាខេត្តកំពង់ចាម

បើតាមលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី០២នេះ មានភាពផុសផុល និងកុះករកាន់តែច្រើនបើធៀបនឹងថ្ងៃទី០១ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះមានការកើនឡើងរហូតដល់ប្រមាណ១០១.៩៤% ធៀបនឹងថ្ងៃចូលឆ្នាំទី១។ ដោយឡែកបើសរុបចំនួនភ្ញៀវទេសចរដែលបានដើរលេងទាំង០២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានភ្ញៀវសរុបមានចំនួនប្រមាណ៦,៣៣៦,២៨១នាក់។

ទិដ្ឋភាពការលេងកម្សាន្តនៅមុខសាលាខេត្តកំពង់ចាម

ជាការកត់សម្គាល់ ស្ថិតិខាងលើនេះគឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន និងតាមគោលដៅទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗដែលប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូចនោះទេ។

សូមជម្រាបថា ចំនួនភ្ញៀវទេសចរណ៍ចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំ២០២៣នេះ គឺមានការកើនឡើងជាង២លាន ៦៥ម៉ឺននាក់ ធៀបនឹងថ្ងៃចូលឆ្នាំទី០២ កាលពីឆ្នាំ២០២២ គឺមានភ្ញៀវទេសចរត្រឹមតែ១,៥៧៩,២៥១នាក់ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds