ខេត្តសៀមរាបទទួលបានអ្នកទេសចរជាង៦៥ម៉ឺននាក់នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ម្សិលមិញ
(ខេត្តសៀមរាប)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំខ្មែរទី២ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត មានចំនួនប្រមាណជា ៦៥៣,៦៧០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍ដដែលរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ៦៥៣,៦៧០នាក់នោះ រួមមានទេសចរជាតិប្រមាណ ៦៥០,០០០នាក់ បានទៅលេងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន តំបន់ទន្លេសាប និងសហគមន៍អេកូទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗ។ ដោយឡែកសម្រាប់់ភ្ញៀវទេសចរបរទេស មានចំនួន ៣,៦៧៩នាក់។
ដោយឡែក បើគិតរយ:ពេលពីរថ្ងៃ ថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប មានអ្នកទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តសរុបចំនួនប្រមាណ ១,០៩០,៣៤៩នាក់ ក្នុងនោះអ្នកទេសចរជាតិមានប្រមាណ ១,០៨០,០០០នាក់ បានទៅកម្សាន្តជាច្រើនទីតាំងនៅក្នុងខេត្តសៀមរាប រួមមាន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន តំបន់ទន្លេសាប និងសហគមន៍ទេសចរណ៍អេកូទេសចរណ៍ តំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងខេត្ត។ ទាំងពីរថ្ងៃនេះដែរ ខេត្តសៀមរាបមានភ្ញៀវទេសចរបរទេសទៅលេងកម្សាន្តសរុបចំនួន ១០,៣៤៩នាក់។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលរៀបចំនៅក្នុងខេត្រសៀមាបនៅឆ្នាំ២០២៣នេះ គឺជាព្រឹត្តិការណ៍គម្រប់ខួប១០ឆ្នាំ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ដោយមានកម្មវិធីកំសាន្ដសំខាន់ៗជាច្រើន រួមមមាន កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ កម្មវិធីភូមិវិចិត្រករឯក កម្មវិធីសួនញញឹមអង្គរ កម្មវិធីរបាំបុរាណ ប្រពៃណី និងល្បែងប្រជាប្រិយ កម្មវិធីប្រគួតអុកចត្រង្គ កម្មវិធីគោមបណ្ដែតទឹក កម្មវិធីគុនល្បុកតោ កម្មវិធីអាហារនៃក្ដីស្រាលាញ់ កម្មវិធីពិព័រណ៌សង្ក្រាន្ដ កម្មវិធីភូមិខ្ញុំ កម្មវិធីផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្មវិធី “នេះមិនមែនជាសុបិន”កម្មវិធី” និងសួនមុនីហទ័យជាដើម៕