ខេត្តក្រចេះគ្រោងប្រកាសជា“ខេត្តអស់មីន”នៅខែមិថុនាខាងមុខ
ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង១០ ដែលបានទទួលផលប្រយោជន៍ពីគម្រោង “សម្តេចតេជោសម្រាប់សកម្មភាពមីន” ដោយត្រូវបោសសម្អាតមីនក្នុងទំហំផ្ទៃដីស្មើនឹង៥០ភាគរយ នៃផ្ទៃដីដែលមានមីនទូទាំងខេត្តនេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាក់ថវិកាជាតិបន្ថែមតាមរយៈមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដើម្បីបោសសម្អាតមីនដែលនៅសេសសល់ក្នុងខេត្តក្រចេះ និងគ្រោងប្រកាសជាខេត្តអស់មីនក្នុងខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធីបិទការដ្ឋានបោសសម្អាតមីន គាំទ្រពីគម្រោង “សម្តេចតេជោសម្រាប់សកម្មភាពមីន” ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី២ នៅឯខេត្តក្រចេះ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា រយៈពេល១០ខែ ចាប់ពីខែកក្កដាឆ្នាំ២០២២ នៃការអនុវត្តគម្រោង “សម្តេចតេជោសម្រាប់សកម្មភាពមីន” អាជ្ញាធរមីនបានពង្រាយកងកម្លាំងបោសសម្អាតមីនប្រមាណ១,៧០០នាក់មកពីកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្នុងខេត្តចំនួន១០។ ជាលទ្ធផលកងកម្លាំងបោសសម្អាតមីនបានបោសសម្អាតផ្ទៃដីមានមីនជាង៩១គីឡូម៉ែត្រក្រឡា(ស្មើនឹង៩៩៥ចម្ការមីន)ក្នុងនោះខេត្តចំនួន៦ ស្រុកចំនួន ១៤ និងឃុំចំនួន១២ ត្រូវបានបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹង និងប្រកាសជាខេត្ត ស្រុក និងឃុំអស់មីន។
គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣នេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន២,៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ៧៦ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។ យ៉ាងណា កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់ចំនួន១,៨៨៥គីឡូម៉ែត្រក្រឡា៕