តស់!មកដឹងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មីនេះ!
ពិធីបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មានរយៈពេល ៣ថ្ងៃ និងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩រោច ថ្ងៃសៅរ៍ ១០រោច និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦-គ.ស.២០២៣ មហាសង្រ្កាន្ត វេលាម៉ោង១៦ និង០០នាទី ។ ថ្ងៃទី១ គឺជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក។
នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ តាមផ្ទះនីមួយៗ គឺមានរៀបរណ្តាប់ទទួលទេវតារៀងៗខ្លួន។ បើតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ចំពោះរណ្តាប់ទទួលទេវតា គឺត្រូវរៀបរានមួយនៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។
បើតាមសៀវភៅមហាសង្ក្រាន្ត ដែលស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ បានឱ្យដឹងថា ការរៀបចំរណ្តាប់ទទួលទេវតា គឺត្រូវ
– ក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាដូចជាបាយសី៩ថ្នាក់ ១គូ; បាយសី៧ថ្នាក់ ១គូ; បាយសី៥ថ្នាក់ ១គូ; បាយសី៣ថ្នាក់ ១គូ; បាយសីប៉ាធាម ១គូ; ស្លាធម៌ ១គូ; ទឹកអប់ ១គូ; ទៀន៥; ធូប៥; លាច៥; ផ្កា៥ ដាក់លើជើងពាន ១គូ; ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន ១គូ; ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅ ១គូ និងទឹកស្អាត ២កែវ។ ក្នុងនោះ ក៏មានបញ្ជាក់ដែរថា ចំពោះបាយសី ៩ថ្នាក់ ឬ ៧ថ្នាក់ គឺមានកត់ត្រានៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង ប៉ុន្តែចំពោះរាស្ត្រសាមញ្ញ គួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ឱ្យបានត្រឹម ៣-៥មុខ ក៏ជាការប្រសើរ ធ្វើតាមលទ្ធភាពបស់ខ្លួន។ អ្វីដែលគួរកត់ចំណាំ នៅគ្រប់ដង្វាយទាំងអស់ គឺត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងបាយសី ហើយត្រូវដោតទៀនព្រមទាំងដុតបំភ្លឺ។
គួរបញ្ជាក់ថា ចំណែកឯការកំណត់ខែ ថ្ងៃ និងម៉ោងពេល ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គឺគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត៕
ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ និងទំនៀមចូលឆ្នាំ (មានវីដេអូ) https://grandnewsasia.com/detail/26358/