កម្ពុជាកំពុងពង្រីកផ្ទៃដីលក់ឥណទានកាបូនឱ្យដល់ជាង២លានហិកតា
កម្ពុជាបានដាក់គោលដៅពង្រីកផ្ទៃដីលក់ឥណទានកាបូនឱ្យបានជាង២លានហិកតា ខណៈសព្វថ្ងៃនេះកម្ពុជាមានផ្ទៃដីប្រមាណជាង១លាន៤សែនហិកតា ដែលលក់ឥណទានកាបូន។ នេះបើតាមការបញ្ជាក់របស់ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទស្ដីពី យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យដដែលបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តការពង្រីកផ្ទៃដីដែលលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌល តំបន់ជួរភ្នំក្រវ៉ាញក្នុងខេត្តកោះកុង និងខេត្តពោធិ៍សាត់(ដែនជម្រកសត្វព្រៃភ្នំសំកុះ) ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែនជម្រកសត្វព្រៃភ្នំពក-ភ្នំត្នោតក្នុងខេត្តព្រះវិហារជាដើម។ ក្រៅពីនេះក្រសួងបរិស្ថានក៏កំពុងសហការជាមួយអង្គការអភិរក្សអន្តជាតិ (CI)ដើម្បីដាក់លក់ឥណទាននៅលើតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ផងដែរ។ ជាមួយគ្នា ក្រសួងបរិស្ថាន និងអង្គការដៃគូក៏បានជំរុញលើតំបន់ការពារធម្មជាតិដទៃទៀត ដូចជា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃលំផាត់។
លោក នេត្រ ភក្រ្តា បានឱ្យដឹងថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនបានប្រើប្រាស់ពង្រឹងទៅលើការការពារ និងអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍនសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន។ ជាក់ស្ដែងដូចជា ការអនុវត្តគម្រោង និងផ្ដល់នូវទឹកស្អាតជូនដល់សហគមន៍ និងផ្ដល់អាហាររូបករណ៍ដល់កូនៗរបស់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិបានសិក្សាវែងឆ្ងាយ ដែលជាយុទ្ធសាស្រ្តមួយក្នុងការកាត់ផ្ដាច់លើការពឹងអាស្រ័យទៅលើធម្មជាតិ តាមរយៈការចាប់យកជម្រើសថ្មី មុខរបរថ្មី ក្រៅពីមុខរបរប្រពៃណីរបស់ឪពុកម្ដាយ និងជីដូនជីតារបស់ពួកគេ។
គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១កន្លងទៅ កម្ពុជាបានទទួលថវិកាចំនួន១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ ការលក់ឥណទានកាបូន គឺជាគោលការណ៍ថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើយ៉ាងណាជំរុញប្រជាសហគមន៍ឱ្យចូលរួមរក្សាព្រៃឈើដើម្បីអាចរកបានចំណូល តាមរយៈការកៀរគរប្រជាជនតាមតំបន់ដែនជម្រកសត្វព្រៃឱ្យយល់ពីតម្លៃនៃព្រៃឈើ ជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ៕