បុរសលើកឈ្មោះឯកឧត្តម រ័ត្ន ស្រ៊ាង ក្នុងវិវាទឡាន និង ម៉ូតូប៉ះគ្នាថ្ងៃមុន ត្រូវអាវុធហត្ថហៅចូលបំភ្លឺហើយ

អ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចែករំលែកនូវព័ត៌មានមួយ កាលពីយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសារព័ត៌មាន បានលើកឡើងថា «ត្រូវគេឱ្យខុសហើយដេញឱ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត» និងបញ្ជាក់បន្ថែមថា «មិត្តភក្តិខាងម្ចាស់រថយន្ត និយាយថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឱ្យយកទៅស្នងការ ហើយតេហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ»។

ងាកទៅឯកឧត្តម រ័ត្ន ស្រ៊ាង ឯណោះវិញ បានបញ្ជាក់តបថា រូបគាត់ពុំបានស្គាល់អ្នកនិយាយឈ្មោះគាត់ខាងលើនេះទេ ហើយឯកឧត្តម ក៏បានឱ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ទៅនិយាយនោះទាំងយប់ ដើម្បីឱ្យធ្វើការបំភ្លឺ រហូតដល់ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ បុគ្គលខាងលើ ត្រូវបានកម្លាំងការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅចូលបំភ្លឺបានសម្រេច។

តាមរយៈការបំភ្លឺរបស់បុគ្គលខាងលើ ដែលមានឈ្មោះថា ពន្លក ហៅបារាំង ជាម្ចាស់ភោជនីយដ្ឋាន ឋានសួគ៌ក្រោមមេឃ បានលើកឡើងថា រូបខ្លួនមិនធ្លាប់ស្គាល់ និង មិនធ្លាប់ជួប ឯកឧត្តម រ័ត្ន ស្រ៊ាង ទេ គ្រាន់តែដឹងថា ឯកឧត្តម រ័ត្ន ស្រ៊ាង ជាបុគ្គលមួយដែលល្បី ដែលជួយប្រជាជនច្រើនបង្ក្រាបឧក្រិដ្ឋជនធំៗ ទើបខ្លួននឹកឃើញលើកឈ្មោះ ឯកឧត្តម រ័ត្ន ស្រ៊ាង មកនិយាយដើម្បីឱ្យរឿងគ្រោះថ្នាក់ចរាចរណ៍នេះឆាប់បានបញ្ចប់កុំឱ្យវែងឆ្ងាយ ដែលការនេះបានក្លាយជាការជ្រុលជ្រោះនិយាយប៉ះពាល់ដល់កិត្តិយស ឯកឧត្តម រ័ត្ន ស្រ៊ាង ដែលមានអាយុអាចស្មើនឹងឪពុកខ្លួន ហើយខ្លួនក៏បានធ្វើការសុំអភ័យទោសពីឯកឧត្តមផងដែរ។

បុគ្គលរូបនេះ បានបញ្ជាក់បន្ថែមថា ជាក់ស្តែងរឿងរបស់មិត្តភក្តិគាត់ គឺបានបញ្ចប់នៅយប់ថ្ងៃទី ០៥ រួចទៅហើយ ដោយមនោសញ្ចេតនាយោគយល់គ្នា ក្នុងនោះក្រុមខ្លួនបានផ្តល់ទឹកប្រាក់ ២០ ដុល្លារ ឱ្យទៅភាគីខាងម៉ូតូ ដើម្បីទុកទិញថ្នាំលេប និង បានឱ្យលេខទូរស័ព្ទ ទុកសម្រាប់ទាក់ទងគ្នាផងដែរ ហើយព្រឹកឡើងភាគីខាងម៉ូតូបានយកម៉ូតូទៅធ្វើអស់ ១៤០ ដុល្លារ ក្រុមខ្លួនក៏បានផ្តល់ជូនប្រាក់បន្ថែមមួយចំនួនទៀត ពេលនោះភាគីខាងម៉ូតូក៏បានធ្វើការអរគុណក្រុមខ្លួន ទាំងសប្បាយចិត្ត ស្រាប់តែរំលងបានមួយថ្ងៃ បែរជារឿងនេះក៏បានផ្ទុះខ្លាំងឡើងវិញ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds